(ហាណូយ)៖ រដ្ឋាភិបាល​វៀតណាម​ បាននឹងកំពុង​សម្លឹងឃើញពី​លទ្ធភាព​នៃការពង្រឹងវិស័យការពារ​ដែនអាកាស​របស់ខ្លួន ហើយ​ដើម្បីសម្រេច​គោលបំណង​នេះ​ទីក្រុងហាណូយ​ អាចនឹង​បញ្ជាទិញ​ប្រព័ន្ធមីស៊ីល​ការពារ​ដែន​អាកាស S-400 Triumph។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Sputnik​ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១៧។

យោងតាមសារ​ព័ត៌មាន​វៀតណាម ទីក្រុងហាណូយ​ មានចំណាប់អារម្មណ៍​ជាខ្លាំងលើ S-400 Triumph ដោយក្រសួង​ការពារជាតិ​ កំពុងស្ថិតនៅក្នុង​ដំណាក់កាល ​នៃកិច្ចចរចា​ទិញប្រព័ន្ធ​មីស៊ីល​ការពារ​ដែនអាកាស​នេះ​ពីរុស្ស៊ី។ ដោយឡែកជុំវិញ​ព័ត៌មាន​នេះដែរ ​ថ្លែងនៅ​ក្នុងបទ​សម្ភាសន៍​​ជាមួយ Sputnik​ វីរៈសេនីយ៍ឯក​កង​ទ័ព​វៀតណាម លោក Nguyen Khac Nguet បានគូសបញ្ជាក់ថា រុស្ស៊ីគឺជាដៃគូដ៏ចំណាស់របស់​វៀតណាម ជាដៃគូដ៏សំខាន់ និងទុកចិត្តជាទីបំផុត​នៅក្នុងកិច្ចសហប្រតិបត្តិការ​បច្ចេកទេសយោធា។

ជាងនេះទៅទៀត លោក Khac Nguet ក៏បានរំលឹកឡើងវិញ​ដែរថា ​កងទ័ពវៀតណាម​បានស្គាល់​បទពិសោធន៍ដ៏​ធំមួយ​នៅក្នុង​អំឡុង​សង្រ្គាម​វៀតណាម នោះគឺការ​ប្រើប្រាស់​មីស៊ីល​ផ្ដល់ដោយ​អតីត​សហភាព​សូវៀត ហើយតាមរយៈជំនួយនេះ​កងទ័ពវៀតណាម​បាញ់កម្ទេចយន្ដហោះចម្បាំងអាមេរិក ១,៣០០គ្រឿង ក្នុងរួមមាន​ទំាង​យន្ដហោះទម្លាក់​គ្រាប់​បែក B-52​។ «សព្វាអាវុធ​របស់រុស្ស៊ី​បាន​ជួយយើងនៅក្នុង​សម័យ​សង្រ្គាម​តស៊ូប្រឆាំង​នឹង​ការឈ្លានពាន​ពីបរទេស និង បានបង្ហាញ​ពីតាក់ទិច​របស់​កងទ័ព​ប្រជាមានិត​វៀតណាម»។ នេះបើតាមសម្ដីរបស់​លោក Khac Nguet។  

គួរបញ្ជាក់ថា​ប្រព័ន្ធមីស៊ីល​ការពារដែន​អាកាស​រុស្ស៊ីធុន S-400 Triumph មានលទ្ធភាព​វាយប្រហារ​កម្ទេច​យន្ដហោះ​ចម្បាំង ឬមីស៊ីលបាញ់​ចេញពី​នាវា​មុជទឹក ក្នុងរយៈ​ចំងាយ ៤០០គីឡូម៉ែត្រព្រម​ទាំងអាច​បាញ់​ស្ទាក់​​មីស៊ីលផ្លោង​ដែលមាន​ល្បឿន ៤,៨គីឡូម៉ែត្រ​ក្នុងមួយវិនាទីនៅចំងាយ ៦០គីឡូម៉ែត្រ។ បន្ថែម​ពីលើនេះ​បច្ចុប្បន្នវៀតណាម​បានជំនួស​មីស៊ីល​អតីត​សហភាព​សូវៀត ដោយ​ប្រព័ន្ធ​មីស៊ីល Tor BUK​ និង S-300 ក៏ដូចជា​ដាក់ឱ្យ​ដំណើរការ​រួចហើយ​ដែរនូវប្រព័ន្ធ​មីស៊ីល​រុស្ស៊ី R-73  H-59MK និងមីស៊ីល H-35 Uran៕