(ប៉េកាំង)៖ យោធាចិនបានបញ្ចេញនាវាឈ្លបយកការណ៍អេឡិចត្រូនិកប្រភេទថ្មីមួយ ដែលខ្លួនទើបតែអភិវឌ្ឍន៍បានសម្រេច ហើយវាគឺជាការបង្កើនសមត្ថភាពចំពោះកងនាវាល្បាតរបស់ចិននៅតាមដែនទឹកសំខាន់ៗ ខណៈជម្លោះនៅតំបន់សមុទ្រចិនខាងត្បូងមិនទាន់មានភាពធូរស្រាលនៅឡើយ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១៧។
កងទ័ពរំដោះប្រជាជានចិន (PLA) បានសម្រេចបញ្ចេញនាវាឈ្លបខាងលើនេះរហូតដល់ទៅ ០៦គ្រឿងឯណោះ ហើយថែមទាំងបានបញ្ជាក់ថា «វាគ្មានរឿងអ្វីដែលចិនត្រូវលាក់បាំងនោះឡើយ» រួមទាំងការដាក់ឲ្យដំណើរការនាវាមុនៗកន្លងមក។ កាលពីឆ្នាំមុន PLA បានបញ្ចេញនាវាចំនួន ១៨គ្រឿងក្នុងនោះរួមមានទាំង នាវាពិឃាតគ្រាប់មីស៊ីល នាវាប្រឆាំងកាំជ្រួច និងនាវាទំនើបដើម្បីការពារសន្តិសុខផងដែរ។
គួរបញ្ជាក់ថាប្រទេសចិនក៏បានរំលឹកផងដែរពី ការសាងសង់នាវាដឹកយន្តហោះចម្បាំងទីពីររបស់ខ្លួនដែលនឹងក្លាយជាដៃគូរបស់ Liaoning ខណៈនាវាមុជទឹកទីមួយនេះគឺជារបស់ចាស់សល់ពីសម័យអតីតសហភាពសូវៀតប៉ុណ្ណោះ។ បច្ចុប្បន្នប្រទេសចិននិងកោះតៃវ៉ាន់ ក៏កំពុងតែមានការប្រឈមមុខដាក់គ្នាផងដែរ ដោយសារតែទំនោររបស់កោះតៃវ៉ាន់ ទៅរកសហរដ្ឋអាមេរិកកាន់ស្និទ្ធស្នាល ហើយប្រធានាធិបតីកោះតៃវ៉ាន់បច្ចុប្បន្នក៏ជាមេដឹកនាំដែលចង់បានឯករាជ្យសម្រាប់កោះនេះថែមទៀត៕