(អាមេរិក)៖ ស្តាប់លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោត ស្តីបន្ទោសអ្នកកាសែត និងបកស្រាយពីទំនាក់ទំនងជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីន ក្នុងសន្និសីទសារព័ត៌មានដំបូងរបស់លោក ដែលបានធ្វើឡើងនៅក្នុងអគារពាណិជ្ជកម្ម Trump Tower ក្នុងទីក្រុងញូយ៉ក។
សន្និសីទសារព័ត៌មាននោះ លោកបានអញ្ជើញភ្នាក់ងារសារព័ត៌មានល្បីៗជាច្រើនចូលរួម ក្នុងនោះមានទាំងសារព័ត៌មានប្រឆាំង និងគាំទ្ររូបលោកផងដែរ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន BBC ដែលត្រូវបានដកស្រង់នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១៧។
ខាងក្រោមនេះគឺជាសកម្មភាពក្នុងសន្និសីទសារព័ត៌មាន ដែលហាក់មានភាពរកាំរកូសពាក្យសម្តីខ្លាំង រវាងលោក ដូណាល់ ត្រាំ និងអ្នកសារព័ត៌មាន CNN ព្រមទាំងទំនាក់ទំនងរវាងលោក និងលោក ពូទីន៖
CNN៖ លោកប្រធានាធិបតីជាប់ឆ្នោត ចាប់តាំងពីលោកស្ដីបន្ទោសឱ្យប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់យើង....
លោក ត្រាំ៖ មិនទាន់ដល់វេនអ្នកទេ! ប្រព័ន្ធផ្សព្វផ្សាយគឺគួរឱ្យខ្លាច! ...នៅឱ្យស្ងៀម! នៅឱ្យស្ងៀម! ស្ត្រីរូបនោះកំពុងសួរសំនួរអ្នកឯងកុំឈ្លើយ។ ខ្ញុំនឹងមិនឱ្យអ្នកសួរសំនួរខ្ញុំទេ អ្នកគឺជាអ្នកផ្សាយព័ត៌មានក្លែងក្លាយ។ ខ្ញុំគិតថានេះគឺជារឿងដ៏អាម៉ាស់ ដ៏អាម៉ាស់! ដែលទីភ្នាក់ស៊ើបការសម្ងាត់បណ្ដោយឱ្យរាល់ព័ត៌មានត្រូវបានគេលើកឡើងទាំងខុសទំាងក្លែងក្លាយ។ ខ្ញុំគិតថានេះគឺជារឿងដ៏អាម៉ាស់ ហើយនេះដូចគ្នាដែលរបបណាហ្ស៊ីសអាល្លឺម៉ង់ធ្លាប់បានធ្វើ។ ខ្ញុំគិតថានេះគឺជារឿងដ៏អាម៉ាស់។ គេហទំព័រព័ត៌មាន Buzzfeed គ្រាន់តែជាគំនរសំរាមប៉ុណ្ណោះ ពួកគេបានសរសេរពីវាខ្ញុំគិតថាពួកគេនឹងឈឺចាប់ចំពោះផលវិបាកពួកគេធ្លាប់ភ្លក់រួចហើយ។
ចំណែកឯរឿង Hacking ខ្ញុំគិតថាជារុស្ស៊ីក៏ប៉ុន្តែខ្ញុំក៏គិតដែរថាប្រទេស ឬមនុស្សដទៃអាចជា Hack។ បើសិនពូទីន ចូលចិត្ត ត្រាំ នោះជាផលប្រយោជន៍ មិនមែនជាភាពមិនទទួលខុសត្រូវនោះទេ។ ខ្ញុំមិនដឹងថាខ្ញុំនឹងមានទំនាក់ទំនងជាមួយពូទីនឬទេ ខ្ញុំសង្ឃឹមខ្ញុំនឹងធ្វើដូច្នោះ ប៉ុន្តែវាគឺជាឱកាសដ៏ល្អដែលខ្ញុំមិនត្រូវការ ហើយបើសិនខ្ញុំមិនធ្វើតើអ្នកនឹងជឿថាលោកស្រី ហ៊ីលឡារី អាចនឹងបង្កភាពតានតឹងជាមួយលោក ពូទីន ជាងខ្ញុំទៀតឬ?
តើអ្នកទាំងអស់គ្នាពិតជាមិនជឿមែនទេ? ទុកឱ្យខ្ញុំសម្រាក។ យើងអាចងាយស្រួលធ្វើកិច្ចចរចាជាមួយរុស្ស៊ី បើសិនជាយើងចង់ធ្វើវា។ ខ្ញុំមិនចង់មិនធ្វើវាទេព្រោះខ្ញុំគិតថាវាអាចក្លាយទៅជាជម្លោះ។ ដូច្នេះខ្ញុំគ្មានកម្ចី និងគ្មានកិច្ចព្រមព្រៀងអ្វីជាមួយរុស្ស៊ីឡើយ។
អ្នកសារព័ត៌មាន៖ គ្រប់ប្រធានាធិតីអាមេរិក តំាងពីទសវត្សរ៍ឆ្នាំ៧០...?
លោក ត្រាំ៖ អូ! ខ្ញុំមិនដែលបានដឹងទេ ខ្ញុំមិនធ្លាប់លឺវាពីមុនឡើយ។ អ្នកដឹងហើយថា ការយកចិត្តទុកដាក់អំពីការបង់ពន្ធរបស់ខ្ញុំ គឺត្រូវបានរាយការណ៍ហើយ។ ខ្ញុំនឹងសាងសង់ជញ្ជំាងព្រំដែន ខ្ញុំគិតថាខ្ញុំមិនអាចរង់ចាំដល់រយៈពេលមួយឆ្នាំ ឬមួយឆ្នាំកន្លះបានទេ... យើងនឹងចាប់ផ្ដើមសាងសង់ជញ្ជំាងព្រំដែន ហើយម៉ិចស៊ិកូនឹងចេញថ្លៃសាងសង់....ក្រុមហ៊ុនរបស់ខ្ញុំទំាងអស់នឹងត្រូវប្រគល់ឱ្យកូនប្រុសទាំងពីររបស់ខ្ញុំជាអ្នកគ្រប់គ្រងបន្ត ហើយខ្ញុំសង្ឃឹមថា នៅពេលបញ្ចប់អាណត្តិ ០៨ឆ្នាំជាប្រធានាធិបតីអាមេរិក ខ្ញុំនឹងត្រឡប់មកគ្រប់គ្រងវិញ ហើយខ្ញុំនឹងនិយាថា... អូ! អ្នកទាំងពីរធ្វើការបានល្អ ប៉ុន្តែបើសិនជាធ្វើមិនបានល្អ ខ្ញុំនឹងនិយាយថា ពួកអ្នកនឹងត្រូវដកចេញ។
គួរបញ្ជាក់ថា ការដកស្រង់នូវសម្តីសំខាន់ៗរបស់លោក ដូណាល់ ត្រាំ តាមរយៈវីដេអូខ្លីដែលបង្ហោះក្នុងបណ្តាញផ្សព្វផ្សាយ BBC នោះបានបង្ហាញអំពីការឆ្លើយ រវាងលោក ត្រាំ និងអ្នកសារព័ត៌មាន ដែលពេលខ្លះអ្នកសារព័ត៌មានមួយចំនួនមិនទាន់សួរសំនួរអស់សេចក្តីផង ប៉ុន្តែលោក ត្រាំ បានឆ្លើយកាត់។ អ្នកបញ្ចេញមតិមួយចំនួនបាននិយាយថា លោក ត្រាំ កំពុងព្យាយាមបំបិទមាត់អ្នកសារព័ត៌មានដែលធ្លាប់សរសេររិះគន់ប្រឆាំងនឹងរូបលោកទាំងអស់ជាពិសេស CNN៕