(កូឡាឡាពួរ)៖ មន្រ្តីប៉ូលិសម៉ាឡេស៊ីបានបណ្តេញក្រុមសិស្សនិស្សិតជនជាតិឥណ្ឌូណេស៊ីចំនួន ០៨នាក់ទៅកាន់មាតុប្រទេសវិញក្រោយពេលដែលម្នាក់នៅក្នុងចំណោមពួកគេត្រូវបានរកឃើញថា មានទូរស័ព្ទដៃមួយគ្រឿងដែលផ្ទុកទៅដោយរូបភាពជាច្រើនសន្លឹកពាក់ព័ន្ធនឹងក្រុមសកម្មប្រយុទ្ធ ISIS។ នេះបើតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មានរដ្ឋម៉ាឡេស៊ីឈ្មោះថា Bernama ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១៧។
ដោយផ្អែកលើប្រភពមួយពីអង្គភាពបង្រ្កាបអំពើភេរវកម្មដែលស្ថិតក្រោមសហព័ន្ធប៉ូលិសម៉ាឡេស៊ី ទីភ្នាក់ងារព័ត៌មាន Bernama បានធ្វើសេចក្តីរាយការណ៍ថាសិស្សនិស្សិតចំនួន ០៨នាក់ត្រូវបានប្រគល់ខ្លួនដោយមន្រ្តីត្រួតពិនិត្យព្រំដែនរបស់ប្រទេសសិង្ហបុរី ដែលបានរកឃើញរូបភាពដែលមានជាប់ពាក់ព័ន្ធនឹងក្រុម ISIS នៅក្នុងទូរស័ព្ទដៃរបស់សិស្សម្នាក់ ក៏ដូចជាគ្រាប់បែកច្នៃចំនួនមួយគ្រាប់ផងដែរ ហើយបន្ទាប់ពីបានធ្វើការសាកសួរទៅកាន់ក្រុមជនសង្ស័យខាងលើ កម្លាំងប៉ូលិសម៉ាឡេស៊ីបានស្វែងរកឃើញថារូបភាពទាំងនោះទទួលបានតាមរយៈកម្មវិធីទំនាក់ទំនង WhatsApp។
យោងតាមប្រភពដដែលជនសង្ស័យទាំង ០៨នាក់ដែលមកពីសាលារៀនមួយកន្លែងនៅខេត្ត West Sumatra ឥណ្ឌូណេស៊ីបានធ្វើដំណើរមកកាន់ប្រទេសម៉ាឡេស៊ីក្នុងគោលបំណងស្វែងរកការព្យាបាលជំងឺចាប់ពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះ និងបានចំណាយពេលចំនួនប៉ុន្មានថ្ងៃនៅខេត្ត Pattani ប្រទេសថៃ ដើម្បីសិក្សាស្វែងយល់អំពីប្រព័ន្ធអប់រំនៅឯវិទ្យាស្ថានអប់រំអ៊ីស្លាមនៅទីនោះ ក៏ប៉ុន្តែគេពុំទាន់បានរកឃើញពីមូលហេតុដែលនាំឲ្យពួកគេប៉ុនប៉ងចូលទៅកាន់ទឹកដីប្រទេសសិង្ហបុរីតាមរយៈរដ្ឋ Johor នៃប្រទេសម៉ាឡេស៊ីនៅឡើយទេ។
គួរបញ្ជាក់ដែរថា ជនសង្ស័យដែលជាសិស្សនិស្សិតទាំង ០៨នាក់ត្រូវបានប៉ូលិសបញ្ជូនចេញពីប្រទេសម៉ាឡេស៊ីកាលពីថ្ងៃពុធម្សិលមិញតាមរយៈសាឡង់ ឆ្ពោះទៅកាន់កោះ Batam ប្រទេសឥណ្ឌូណេស៊ី ដែលជាទឹកដីកំណើតរបស់ពួកគេវិញ៕