(វ៉ាស៊ីនតោន)៖ បេក្ខជនរដ្ឋមន្រ្តីការបរទេសអាមេរិករបស់ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍នេះបានតំរង់ទៅរកទិសដៅ ដែលអាចនឹងនាំឲ្យមានការប្រឈមមុខដាក់គ្នាដ៏សម្បើមមួយជាមួយទីក្រុងប៉េកាំង បន្ទាប់ពីបានសង្កត់ធ្ងន់ថា «ប្រទេសចិនគួរតែត្រូវបានបដិសេសចំពោះសិទ្ធិក្នុងការបង្ហាញវត្តមាននៅបណ្តាកោះដែលខ្លួនបានសាងសង់ឡើងនៅតំបន់សមុទ្រចិនខាងត្បូង» ដែលមានជម្លោះយ៉ាងចម្រូងចម្រាស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១៧។
នៅក្នុងការធ្វើអត្ថាធិប្បាយដែលនឹងបង្កឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំងផ្ទុះកំហឹងនោះ លោក Rex Tillerson ដែលជាបេក្ខភាពសម្រាប់តំណែងរដ្ឋមន្រ្តីការបរទេសអាមេរិក នៃរដ្ឋាភិបាលអនាគតរបស់លោក ដូណាល់ ត្រាំ បានថ្លែងថា «ការសាងសង់កោះសិប្បនិម្មិតរបស់ប្រទេសចិន និងការដាក់ពង្រាយបរិក្ខាយោធានៅតាមកោះទាំងនោះគឺដូចគ្នាទៅនឹងការឆក់យកតំបន់គ្រីមៀពីអ៊ុយក្រែន ដែលធ្វើឡើងដោយប្រទេសរុស្ស៊ីអ៊ីចឹង។
ជាងនេះទៅទៀតនៅពេលដែលត្រូវបានចោទសួរថាតើរូបលោកគាំទ្រឥរិយាបថដែលមានភាពកំញើញជាងមុនសំដៅទៅរកប្រទេសចិនដែរឬយ៉ាងណានោះ លោក Tillerson បានឆ្លើយតបទៅវិញដូច្នេះថា «យើងនឹងត្រូវតែផ្ញើសារដែលអត្ថន័យដ៏ជាក់ច្បាស់មួយទៅកាន់ចិន ដែលជាដំបូងនោះគឺសកម្មភាពសាងសង់កោះសិប្បនិម្មិត្រូវតែបញ្ឈប់ជាបន្ទាន់ ហើយការចេញចូលរបស់អ្នក (ប្រទេសចិន) ទៅកាន់កោះទាំងនោះនឹងមិនត្រូវទទួលបានសិទ្ធិអនុញ្ញាតតទៀតឡើយ»។
គួរបញ្ជាក់ថាអតីតនាយកប្រតិបត្តិក្រុមហ៊ុនប្រេងដ៏ធំ Exxon Mobil Corp របស់អាមេរិករូបនេះមិនបានរៀបរាប់លម្អិតអំពីអ្វីដែលអាចនឹងត្រូវអនុវត្តន៍ដើម្បីបញ្ឈប់ការចេញចូលរបស់ប្រទេសចិននៅជុំវិញកោះទាំងនោះ ដែលទីក្រុងប៉េកាំងបានខិតខំកសាងឡើងដោយថ្មប៉ប្រះទឹកនៃសមុទ្រចិនខាងត្បូង និងបំពាក់ដោយព្រលានយន្តហោះនិងសព្វាវុធយោធា។ ម៉្យាងវិញទៀតក្រុមចាត់ចែងកិច្ចការផ្ទេរអំណាចរបស់លោក ត្រាំ ក៏ពុំបានធ្វើការឆ្លើយតបភ្លាមៗទៅនឹងសំណើសម្រាប់ព័ត៌មានលម្អិតអំពីវិធីសាស្រ្តដែលប្រទេសចិននឹងត្រូវរារាំងមិនឲ្យចេញចូលនៅកោះសិប្បនិម្មិតទាំងនោះផងដែរ។ នេះបើតាមការដកស្រង់ពី Channel News Asia៕