(វ៉ាស៊ីនតោន)៖ ក្រុមគ្រួសារជនជាតិអាមេរិកបីនាក់ ដែលបានបាត់បង់ជីវិតដោយសារការវាយប្រហារភេរវកម្មរបស់ក្រុម ISIS នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង និងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិកបានសម្រេចចិត្តដាក់ពាក្យបណ្ដឹងបន្តឹងក្រុមហ៊ុន Twitter ទៅកាន់តុលាការដោយពួកគេចោទប្រកាន់ថា ក្រុមហ៊ុននៃបណ្ដាញទំនាក់ទំនងសង្គមដ៏ល្បីមួយនេះបានជួយដល់ក្រុម ISIS ពោលគឺបណ្ដោយឱ្យក្រុមភេរវករប្រើប្រាស់ Twitter ក្នុងការផ្ញើសាររបស់ពួកគេតាមអំពើចិត្ត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១៧។
ពាក្យបណ្ដឹងដែលបានដាក់ជូនតុលាការក្នុងទីក្រុងញូយ៉កប្រឆាំងនឹងក្រុមហ៊ុន Twitter ត្រូវបានធ្វើឡើងដោយក្រុមគ្រួសារជនជាតិអាមេរិកបីនាក់ ដែលសមាជិកគ្រួសាររបស់ពួកគេបានស្លាប់ នៅក្នុងការវាយប្រហារភេរវកម្មរបស់ក្រុម ISIS នៅទីក្រុងប៉ារីស កាលពីថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ និងនៅអាកាសយានដ្ឋានទីក្រុងព្រុចសែល កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦។ ម្យ៉ាងវិញទៀត ក្រុមគ្រួសារទំាងនេះបានចោទប្រកាន់ Twitter ថាជាអ្នកទទួលខុស ត្រូវលើការស្លាប់នៃសាច់ញាតិរបស់ពួកគេដោយសំអាងថា Twitter បានបណ្ដាយឱ្យក្រុមភេរវករប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួន ដើម្បីផ្សព្វផ្សាយមនោគមវិជ្ជា និងការជ្រើសរើសសមាជិកថ្មី។
គួរបញ្ជាក់ថាបើតាមក្រុមគ្រួសារខាងលើ ក្រុមហ៊ុន Twitter បានរំលោភលើច្បាប់ប្រឆាំងភេរវកម្មរបស់សហរដ្ឋអាមេរិក ចំណែកឯការទាម ទារសំណងជំងឺចិត្តជាក់លាក់នឹងត្រូវកំណត់នៅពេលដំណើរការរឿងក្ដីនៅចំពោះមុខតុលាការ។ កាលពីខែសីហា ឆ្នាំ២០១៦ ក្រុមហ៊ុន Twitter បានសម្រេចចិត្តបិទគណនីអ្នកប្រើប្រាស់ជាង ៣៦០,០០០នាក់ដែលមានជាប់ពាក់ព័ន្ធនឹងការលើកទឹកចិត្តចំពោះសកម្មភាពភេរវកម្ម៕