(អាមេរិក)៖ ក្រុមហ៊ុន Facebook Inc បានបង្កើតគំរោងថ្មីមួយឈ្មោះថា «Journalism Project» នៅថ្ងៃព្រហស្បតិ៍នេះដោយសារតែក្រុមហ៊ុនបណ្តាញទំនងទំនងសង្គមដ៏ធំជាងគេលើពិភពលោកមួយនេះកំពុងព្យាយាមធ្វើឲ្យទំនាក់ទំនងរបស់ខ្លួនជាមួយនឹងបណ្តាស្ថាប័នព័ត៌មាននានាមានភាពស៊ីជម្រៅជាងមុនកាន់តែខ្លាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១៧។
Facebook បានឲ្យដឹងថាក្រុមហ៊ុននឹងចូលរួមសហការជាមួយបណ្តាស្ថាប័នជាភាគីទីបីដើម្បីលើកកម្ពស់ «អក្ខរកម្មព័ត៌មាន» និងជួយដល់អ្នកប្រើប្រាស់ចំនួនប្រហែលជាង ២ពាន់លាននាក់របស់ខ្លួនក្នុងការសម្រេចចិត្តជ្រើសរើសថាតើប្រភពពត៌មានណាមួយដែលអាចឲ្យជឿទុកចិត្តបាន ហើយបន្ថែមពីនេះក្រុមហ៊ុននឹងនៅតែបន្តធ្វើយ៉ាងណាដោះស្រាយ ជាមួយបញ្ហានៃការផ្សព្វផ្សាយដំណឹងឆបោកនៅលើបណ្តាញទំនាក់ទំនងសង្គមដ៏ធំនេះផងដែរ។
គួរបញ្ជាក់ថាសេចក្តីប្រកាសនេះត្រូវបានធ្វើឡើងមិនដល់មួយសប្តាហ៍នោះឡើយ បន្ទាប់ពីក្រុមហ៊ុន Facebook បានអះអាងថាកំពុងចរចាជាមួយអតីតអ្នកសារព័ត៌មាន ក៏ដូចជាអ្នកសម្របសម្រួលកម្មវិធីនៃស្ថានីយ៍ទូរទស្សន៍ CNN គឺលោកស្រី Campbell Brown ដើម្បីឲ្យមកធ្វើជាអ្នកដឹកនាំក្រុមនៃភាពជាដៃគូព័ត៌មានរបស់ក្រុមហ៊ុន៕