(អាមេរិក)៖ ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump បានឱ្យដឹងតាមរយៈការធ្វើសន្និសទីកាសែតជាលើកដំបូងរបស់លោក ចាប់តាំងពីលោកជាប់ឆ្នោតជា ប្រធានាធិបតីថា លោកគិតថាប្រទេសរុស្ស៊ីជាអ្នកនៅពីក្រោយខ្នងការ នៃការប្រហារព័ត៌មានវិទ្យា ឬ Hack លទ្ធផលនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅយប់ជ្រៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ។
លោក ដូណាល់ ត្រាំ បាននិយាយនៅក្នុងសន្និសិទកាសែតយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថាវាជាប្រទេសរុស្ស៊ី, ប៉ុន្តែខ្ញុំគិតថាពួកយើងមិនមែនទទួលរងការវាយប្រហារ (Hack) ពីប្រទេសរុស្ស៊ីតែមួយទេ មានប្រទេសដទៃ និងអ្នកផ្សេងទៀត»។ «I think it was Russia, But i think we also get hacked by other countries and other people»។
លោកបានបន្ថែមថា ប្រទេសរុស្ស៊ីគឺមិនមែនជាប្រទេសតែមួយគត់ដែល Hack ចំពោះការបោះឆ្នោតអាមេរិក និងចោទប្រកាន់ថា គណបក្សប្រជាធិបតេយ្យ មិនមានវិធានការទប់ស្កាត់គ្រប់គ្រាន់ចំពោះការវាយប្រហារតាមប្រព័ន្ធអ៉ិនធឺណិត។
ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានទាត់ចោលជាថ្មីម្ដងទៀត ការលើកឡើងដែលថា លោកបានរងឥទ្ធិពល និងសម្ពាធពីសំណាក់ រដ្ឋាភិបាលទីក្រុងមូស្គូ។ លោក ដូណាល់ ត្រាំ ដែលនឹងស្បថកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៥ នៅថ្ងៃទី២០ ខែមករា បានសរសេរនៅលើ Twitter ដូច្នេះថា៖ «រុស្ស៊ីមិនដែលបានព្យាយាមដាក់សម្ពាធមកលើខ្ញុំនោះទេ។ ខ្ញុំគ្មានទំនាក់ទំនងអ្វីជាមួយទីក្រុងមូស្គូ គ្មានទំាងកិច្ចសន្យា គ្មានទំាងកម្ចី គឺទទេស្អាតតែម្ដង!»។
ក្រោយពីការផ្ទុះរឿងរ៉ាវដ៏ធំពាក់ព័ន្ធនឹងឯកសារសម្ងាត់ រឿងអាស្រូវការលួចចូលកែលទ្ធផលឆ្នោត និងការលួចព័ត៌មានស្តីពីផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ លោក ដូណាល់ ត្រាំ នោះ, វិមានក្រឹមឡាំងបានចេញមុខច្រានចោលព័ត៌មានទាំងអស់ ហើយថាវាជាព័ត៌មាន «មិនសមហេតុផលសោះតែម្តង»។ នេះបើតាមការចេញផ្សាយព័ត៌មានដោយ Sky News នាល្ងាចថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧។
វិមានក្រឹមឡាំងបានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ការដែលអះអាងថារុស្ស៊ីមានផែនការតាមដានរឿងសម្ងាត់របស់លោក ដូណាល់ ត្រាំ ហើយនឹងផ្ញើសារ សម្ងាត់ដើម្បីទាមទារអ្វីមួយជាថ្នូរដើម្បីលាក់បាំងព័ត៌មាននោះគឺជារឿងដែលមិនពិតទាល់តែសោះ ហើយវាជាចេតនាដែលចង់បង្កឲ្យទំនាក់ទំនងរវាង រុស្ស៊ី-អាមេរិកខ្ទេចខ្ទាំ»។ បន្ថែមពីនេះរុស្ស៊ីក៏បានច្រានចោលព័ត៌មានដែលថា រុស្ស៊ីបានលួចបំផ្លាញកេរ្តិ៍ឈ្មោះគូប្រជែងរបស់លោក ត្រាំ ដើម្បីឲ្យលោក ត្រាំ បានជាប់ឆ្នោតនោះផងដែរ។
ជុំវិញសំណុំរឿងដ៏ចម្រូងចម្រាសនេះ លោក ដូណាល់ ត្រាំ ក៏បានចេញមុខបដិសេធផងដែរ ដោយលោកបានអះអាងថាអ្វីៗទាំងអស់គឺត្រូវបានរៀបចំ និងចងក្រងឡើងដោយចារជនអង់គ្លេស ដែលបានចូលនិវត្តន៍មួយរូប (មិនបញ្ចេញឈ្មោះ) ដែលលោក ត្រាំ ហៅថា «មេធ្មប់ប្រមាញ់នយោបាយ»៕