(ហាណូយ)៖ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានធានាអះអាងសាជាថ្មីចំពោះគោលនយោបាយឥតងាករេរបស់ប្រទេសវៀតណាម ក្នុងការពង្រឹងចំណងមិត្តភាពល្អ, កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ, និងនិរន្តរភាពនៃមិត្តភាពជាមួយប្រទេសកម្ពុជា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានវៀតណាម Vietnam Net នៅមុននេះបន្តិចនាល្ងាចថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧។
គួរបញ្ជាក់ដែរថាក្នុងឱកាសជួបពិភាក្សាជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីកម្ពុជា និងជា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅឯទីក្រុងហាណូយកាលពីថ្ងៃទី០៩ ខែមករាកន្លងទៅនេះ នាយករដ្ឋមន្រ្តីវៀតណាមបានអបអរសាទរចំពោះសមិទ្ធិផលដែលប្រជាជនខ្មែរសម្រេចបានកាលពីអតីតកាល និងបានសង្កត់ធ្ងន់ថា ភាគីវៀតណាមតែងតែសង្ឃឹមថា ប្រទេសកម្ពុជានឹងជួបតែនិរន្តរភាព, សន្តិភាព, និងវិបុលភាពជានិច្ច ហើយក៏បានជូនពរឲ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ជាតិនៅខែមិថុនា ឆ្នាំ២០១៧ រួមទាំងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅខែកក្កដា ឆ្នាំ២០១៨ ប្រព្រឹត្តទៅដោយជោគជ័យថែមទៀតផង៕