(មូស្គូ)៖ ក្រោយពីការផ្ទុះរឿងរ៉ាវដ៏ធំពាក់ព័ន្ធនឹងឯកសារសម្ងាត់ រឿងអាស្រូវការលួចចូលកែលទ្ធផលឆ្នោត និងការលួចព័ត៌មានស្តីពីផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ លោក ដូណាល់ ត្រាំ នោះវិមានក្រឹមឡាំងបានចេញមុខច្រានចោលព័ត៌មានទាំងអស់ ហើយថាវាជាព័ត៌មាន «មិនសមហេតុផលសោះតែម្តង»។ នេះបើតាមការចេញផ្សាយព័ត៌មានដោយ Sky News នៅមុននេះបន្តិចនាល្ងាចថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧។
វិមានក្រឹមឡាំងបានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ការដែលអះអាងថារុស្ស៊ីមានផែនការតាមដានរឿងសម្ងាត់របស់លោក ដូណាល់ ត្រាំ ហើយនឹងផ្ញើសារសម្ងាត់ដើម្បីទាមទារអ្វីមួយជាថ្នូរដើម្បីលាក់បាំងព័ត៌មាននោះគឺជារឿងដែលមិនពិតទាល់តែសោះ ហើយវាជាចេតនាដែលចង់បង្កឲ្យទំនាក់ទំនងរវាង រុស្ស៊ី-អាមេរិកខ្ទេចខ្ទាំ»។ បន្ថែមពីនេះរុស្ស៊ីក៏បានច្រានចោលព័ត៌មានដែលថា រុស្ស៊ីបានលួចបំផ្លាញកេរ្តិ៍ឈ្មោះគូប្រជែងរបស់លោក ត្រាំ ដើម្បីឲ្យលោក ត្រាំ បានជាប់ឆ្នោតនោះផងដែរ។
ជុំវិញសំណុំរឿងដ៏ចម្រូងចម្រាសនេះ លោក ដូណាល់ ត្រាំ ក៏បានចេញមុខបដិសេធផងដែរ ដោយលោកបានអះអាងថាអ្វីៗទាំងអស់គឺត្រូវបានរៀបចំ និងចងក្រងឡើងដោយចារជនអង់គ្លេសដែលបានចូលនិវត្តន៍មួយរូប (មិនបញ្ចេញឈ្មោះ) ដែលលោក ត្រាំ ហៅថា «មេធ្មប់ប្រមាញ់នយោបាយ»៕