(តូក្យូ)៖ ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុ និងព្រះរាជអគ្គមហេសី មីឈីកុ នឹងយាងទៅបំពេញទស្សនកិច្ចនៅឯប្រទេសថៃ រួមនិងប្រទេសវៀតណាមនៅរដូវស្លឹកឈើជ្រុះ (និទាឃរដូវ) ក្នុងចន្លោះខែកុម្ភៈ និងខែមីនា ក្នុងឆ្នាំ២០១៧នេះ។ នេះបើតាមសម្តីអ្នកនាំពាក្យរាជរដ្ឋាភិបាលជប៉ុន ដែលចេញផ្សាយដោយសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧។
អ្នកនាំពាក្យជាន់ខ្ពស់រដ្ឋាភិបាលជប៉ុនលោក Yoshihide Suga បានថ្លែងឲ្យដឹងថា ទ្រង់ទាំងពីរកំពុងរៀបចំគំរោងបំពេញព្រះរាជទស្សនកិច្ចនៅវៀតណាមជាមុន រួចសឹមយាងបន្តទៅកាន់ប្រទេសថៃ ក្នុងគោលបំណងចូលសម្តែងការគោរពព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រថៃព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ដែលបានសោយទិវង្គតកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ដោយសារតែចំណងមិត្តភាពរវាងទ្រង់ទាំងពីរព្រះអង្គ និងព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានបន្តមកអស់រយៈពេលដល់ទៅជាងកន្លះសតវត្សរ៍ហើយព្រះចៅអធិរាជ និងព្រះអគ្គមហេសីក៏ធ្លាប់បានយាងទៅកាន់ប្រទេសថៃជាញឹកញាប់ផងដែរ។
យោងតាមប្រភពដែលជិតស្និទ្ធនឹងរឿងនេះឲ្យដឹងទៀតថា ព្រះចៅ អាគីហ៊ីតុ និងព្រះមហេសី មីឈីកុ ទំនងជានឹងយាងទៅកាន់ប្រទេសវៀតណាមក្នុងរយៈពេលប្រហែលមួយសប្តាហ៍នៅចុងខែកុម្ភៈរហូតដល់ដើមខែមីនា ដោយទ្រង់ទាំងពីរអង្គត្រូវបានគេរំពឹងថា នឹងយាងទៅធ្វើការទស្សនាកម្សាន្តទីក្រុងបុរាណ Hue ដែលស្ថិតនៅភាគកណ្តាលប្រទេសវៀតណាម ក៏ដូចជារដ្ឋធានីហាណូយ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលឆាប់ៗខាងមុខនេះ គឺជាការយាងធ្វើដំណើរឆ្លងប្រទេសលើកទីមួយសម្រាប់ព្រះចៅអធិរាជ ដែលមានព្រះជន្ម ៨៣ព្រះវស្សា និងព្រះអគ្គមហេសីដែលមានព្រះជន្ម ៨២ព្រះវស្សាទាំងពីរអង្គនេះគិតចាប់តាំងពីខែមករា ឆ្នាំ២០១៦ នៅពេលដែលទ្រង់ទាំងពីរព្រះអង្គបានយាងធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន ដើម្បីរំលឹកវិញ្ញាណក្ខន្ធដល់អ្នកដែលបានពលីជីវិតនៅក្នុងសង្រា្គមលោកលើកទីពីរ៕