(ម៉ានីល)៖ ប្រទេសហ្វីលីពីនបង្ហាញក្តីសង្ឃឹមខ្ពស់ថា ក្រមប្រតិបត្តិ (code of conduct) សម្រាប់បណ្តាប្រជាជាតិនៅតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) និងប្រទេសចិនជុំវិញបញ្ហាវិវាទនៅដែនសមុទ្រចិនខាងត្បូង នឹងត្រូវសម្រេចបានសព្វគ្រប់រួចរាល់នៅពាក់កណ្តាលឆ្នាំ២០១៧ ហើយមន្ត្រីជាន់ខ្ពស់ហ្វីលីពីនក៏បានកោតសរសើរផងដែរពីជំហររបស់រដ្ឋាភិបាលចិន ជុំវិញបញ្ហានេះ។ នេះបើតាមសម្តីរដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីន ដែលចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧។
រដ្ឋមន្រ្តីការបរទេសហ្វីលីពីនលោក Perfecto Yasay បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា «ខណៈពេលនេះយើងនៅតែបន្តនូវការជជែកពិភាក្សាជាមួយមន្រ្តីជាន់ខ្ពស់របស់យើង ដែលស្ថិតក្រោមថ្នាក់រដ្ឋមន្រ្តី ហើយការសន្ទនាគ្នាទាំងនេះកំពុងតែរំកិលទៅមុខជានិច្ច ដោយនេះគឺមូលហេតុដែលពួកយើងមានសេចក្តីសង្ឃឹមខ្ពស់ថា យើងនឹងអាចសម្រេចបាននូវក្រមប្រតិបត្តិ នៅពាក់កណ្តាលឆ្នាំ២០១៧នេះ»។
ក្រមប្រតិបត្តិសម្រាប់អាស៊ាន-ចិន ជុំវិញដែនសមុទ្រចិនខាងត្បូងដែលមានជម្លោះបានបន្តស្ថិតនៅក្នុងដំណាក់កាលនៃការបង្កើតឡើងរហូតមកទល់សព្វថ្ងៃចាប់តាំងពីឆ្នាំ២០០២ម៉្លេះ ហើយវាបាននិងកំពុងប្រឈមនឹងការអូសបន្លាយអស់ជាច្រើនលើកច្រើនសា ដែលលោក Perfecto Yasay បានរៀបរាប់ថាជា «ព្រឹត្តិការណ៍បន្ទុចបង្អាក់» ដែលបានរាំងស្ទះមិនឲ្យវាអាចឆ្ពោះទៅមុខទៀតបាន។ ជាមួយគ្នានេះលោក Yasay បានសង្កត់ធ្ងន់ថា ប្រទេសចិនបានចូលរួមសហប្រតិបត្តិការដោយអស់ពីចិត្តពីថ្លើមដើម្បីជួយជំរុញដំណើរការនៃការបង្កើតក្រមប្រតិបត្តិនេះ៕