(តូក្យូ)៖ រដ្ឋាភិបាលជប៉ុនបាននិងកំពុងរៀបចំសេចក្ដីព្រាងច្បាប់មួយ សំដៅអនុញ្ញាតឱ្យព្រះចៅអធិរាជ អាគីហ៊ីតុ (Akihito) ដាក់រាជ្យថ្វាយព្រះរាជ្យបុត្ររបស់ទ្រង់ គឺព្រះអង្គម្ចាស់ ណារុហ៊ីតុ (Naruhito) នៅរយៈពេលពីរឆ្នាំខាងមុខនេះ ហើយបើសិនជារឿងនេះកើតឡើងមែនវាមានន័យថាវានឹងក្លាយជាលើកដំបូងបំផុតក្នុងរយៈពេលជាង ២០០ឆ្នាំមកនេះដែលព្រះចៅអធិរាជជប៉ុនដាក់រាជ្យ ខណៈច្បាប់រដ្ឋធម្មនុញ្ញបច្ចុប្បន្នមិនបានអនុញ្ញាតឱ្យទ្រង់ដាក់រាជ្យនោះទេ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧។
កាលពីខែសីហា ឆ្នាំ២០១៦ ព្រះចៅអធិរាជ អាគីហ៊ីតុ ដែលមានព្រះជន្ម ៨៣ព្រះវស្សាទៅហើយ និងធ្លាប់ទទួលបានការវះកាត់ជំងឺបេះដូងព្រមទាំងព្យាបាលជំងឺមហារីកក្រពេញប្រូស្ដាត បានថ្លែងពីព្រះរាជបំណង ចង់ដាក់រាជ្យក្រោមហេតុផលព្រួយបារម្មណ៍ខ្លាចក្រែង ព្រះរាជសុខភាពទ្រុឌទ្រោមរបស់ទ្រង់ធ្វើឱ្យប៉ះពាល់ដល់រាជ្យកិច្ច។
បន្ថែមពីនេះប្រព័ន្ធផ្សព្វផ្សាយនានានៅជប៉ុនរួមទំាងសារព័ត៌មាន Nikkei ផងដែរបានរាយការណ៍ថា រដ្ឋាភិបាលជប៉ុនកំពុងរៀបចំសេចក្ដីព្រាងច្បាប់មួយ សំដៅអនុញ្ញាតឱ្យព្រះចៅអធិរាជ អាគីហ៊ីតុ ដាក់រាជ្យថ្វាយព្រះរាជ្យបុត្រ ណារុហ៊ីតុ (Naruhito) មានព្រះជន្ម ៥៦ព្រះវស្សានៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ប៉ុន្តែបើតាមប្រភពមួយចំនួនទៀតព្រះចៅអធិរាជអាចនឹងដាក់រាជ្យនៅថ្ងៃ ទី៣១ ខែធ្នូ ឆ្នាំ២០១៨ ឬក៏នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩។
ទោះបីជាយ៉ាងណាក៏ដោយរដ្ឋាភិបាលទីក្រុងតូក្យូ តាមរយៈអ្នកនាំពាក្យ លោក យូស៊ីហ៊ិដិ ស៊ូហ្គា បានបដិសេធមិនធ្វើការអាត្ថាធិប្បាយជុំវិញរឿងរ៉ាវដ៏រសើបនេះឡើយ ដោយបញ្ជាក់ថាលោកមិនទាន់បានដឹងពីការវិវត្តន៍ជុំវិញការលើកឡើងនេះនៅឡើយទេ ដោយសារតែរឿងនេះកំពុងស្ថិតនៅក្រោមការពិភាក្សា។
គួរបញ្ជាក់ថាព្រះចៅអធិរាជ អាគីហ៊ីតុ បានឡើងគ្រងរាជ្យនៅឆ្នាំ១៩៨៩ បន្ទាប់ពីព្រះបិតាទ្រង់ព្រះនាម ហ៊ីរ៉ូហ៊ីតុ (Hirohito) ដែលជាព្រះចៅអធិរាជជប៉ុនដែលបានសោយរាជ្យតាំងពីក្នុងអំឡុងសម័យសង្រ្គាមលោកលើកទី២ បានចូលទិវង្គត៕