(ហូជីមិញ)៖ អតីតប្រធានក្រុមប្រឹក្សាប្រតិបត្តិនៃធនាគារវៀតណាមមួយកន្លែងត្រូវបានចាប់ខ្លួនពីបទធ្វើឲ្យខាតបង់ថវិកាជាង ៩,០០០ពាន់លានដុងឬស្មើនឹងជាង ៤០០លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧។
លោក Hoang Van Toan អតីតប្រធានធនាគារឈ្មោះថា Trustbank ត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួននៅថ្ងៃអង្គារម្សិលមិញនេះ ដោយរូបលោករួមជាមួយនិងសមាជិកមួយចំនួនទៀតនៃក្រុមប្រឹក្សាប្រតិបត្តិរបស់ធនាគារ បានទទួលរងការចោទប្រកាន់ថាបានបំពានគោលការណ៍នៃការផ្តល់ប្រាក់កម្ចី ដែលបានបណ្តាលឲ្យខាតបង់ថវិការាប់រយលានដុល្លារសហរដ្ឋអាមេរិក។
គួរបញ្ជាក់ដែរ នៅក្នុងចំណោមថវិកាចំនួនជា ៤០០លានដុល្លារដែលលោក Toan រួមនិងគ្នីគ្នាបានធ្វើឲ្យខាតបង់ដល់ធនាគារនៅចន្លោះឆ្នាំ២០១២ និងឆ្នាំ២០១៤នោះ ទឹកប្រាក់ប្រហែល ២៧០លានដុល្លារត្រូវបានប្រមូលយកមកវិញហើយ៕