(ម៉ានីល)៖ ប្រទេសហ្វីលីពីនមានបំណងចង់ដាក់ឲ្យអនុវត្តន៍នូវច្បាប់អាជ្ញាសឹកឡើងវិញ ដូចកាលពីសម័យមេដឹកនាំផ្តាច់ការលោក Ferdinand Marcos ប៉ុន្តែប្រជាជនហ្វីលីពីនភាគច្រើនបានជំទាស់ដោយពួកគេយល់ឃើញថា វាពុំមានភាពចាំបាច់នោះឡើយ ក្នុងការប្រើប្រាស់ច្បាប់អាជ្ញាសឹកនាពេលនេះដើម្បីដោះស្រាយវិបត្តិជាច្រើនដែលកំពុងកើតឡើងនៅក្នុងប្រទេស។ នេះបើយោងតាមការស្ទង់មតិមួយនៅពេលថ្មីៗនេះ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧។
ការស្ទង់មតិមួយដោយវិទ្យាស្ថានស្រាវជ្រាវ Pulse Asia បានឲ្យដឹងថាជនជាតិហ្វីលីពីន ៧៤ភាគរយក្នុងចំណោម ១,២០០នាក់ដែលបានចូលរួមការស្ទង់មតិកាលពីខែធ្នូ ឆ្នាំ២០១៦កន្លងទៅបានបដិសេធចំពោះទស្សនៈដែលថាការអនុវត្តន៍ច្បាប់អាជ្ញាសឹកឡើងវិញ ប្រហែលជាមានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាជាច្រើនប្រភេទដែលប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះកំពុងប្រឈម។
ដោយឡែកមានត្រឹមតែប្រជាជន ១២ភាគរយប៉ុណ្ណោះ ដែលបានយល់ស្របចំពោះភាពចាំបាច់នៃច្បាប់អាជ្ញាសឹកនៅក្នុងប្រទេសនាពេលបច្ចុប្បន្ន ខណៈប្រជាជនហ្វីលីពីន ១៤ភាគរយផ្សេងទៀតបានបង្ហាញពីការរួញរាចំពោះបញ្ហានេះ។
វិទ្យាស្ថានខាងលើបានបញ្ជាក់ទៀតថា «ការស្ទង់មតិនេះគឺជាការស្តែងឲ្យឃើញជារួមពីទស្សនៈរបស់មនុស្សគ្រប់ជាន់ថ្នាក់មិនថាតូចឬធំ ទាំងប្រុសនិងស្រី ដែលស្ថិតនៅគ្រប់ក្រុមអាយុទាំងអស់ហើយរស់នៅគ្រប់តំបន់ទូទាំងប្រទេសហ្វីលីពីន ខណៈការជំទាស់ភាគច្រើនគឺនៅក្នុងចំណោមអ្នករស់នៅក្នុងរដ្ឋធានីម៉ានីល»។
គួរបញ្ជាក់ថាអតីតមេដឹកនាំផ្តាច់ការហ្វីលីពីនលោកប្រធានាធិបតី Ferdinand Marcos បានដាក់ចេញនូវការអនុវត្តន៍ច្បាប់អាជ្ញាសឹកកាលពីខែកញ្ញា ឆ្នាំ១៩៧២ ហើយត្រូវបានបង្ខំឲ្យដកចេញវិញកាលពីខែមករា ឆ្នាំ១៩៨១ បន្ទាប់ពីបានទទួលរងការរិះគន់ធ្ងន់ៗពីសំណាក់សហគមន៍អន្តរជាតិ៕