(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Ashton Carter បាននិយាយថា យោធាអាមេរិក នឹងមិនចាំបាច់ត្រូវបាញ់ទម្លាក់មីស៊ីលផ្លោងអន្តរទ្វីបកូរ៉េខាងជើងនោះទេ បើទោះជាមេដឹកនាំប្រទេសកុម្មុយនីស្ដឯកោមួយនេះ កំពុងប៉ុនប៉ងធ្វើការបាញ់សាកល្បងក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧។
លោក Carter ដែលនឹងត្រូវបញ្ចប់អាណត្តិជារដ្ឋមន្ត្រីការពារជាតិនៅថ្ងៃទី២០ ខែមករា បានថ្លែងនៅក្នុងសុន្ទរកថាជាលើកចុងក្រោយនៅថ្ងៃអង្គារម្សិលមិញថា សហរដ្ឋអាមេរិកទំនងជាអាចនឹងឃ្លំាមើលសកម្មភាពសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងជាជាងធ្វើសកម្មភាព។ លោក Carter បានបញ្ជាក់ដូច្នេះថា «បើសិនជាការបាញ់សាកល្បងមីស៊ីលជាការគំរាមកំហែង នោះវានឹងត្រូវស្ទាក់ចាប់ ឬបាញ់ទម្លាក់ក៏ប៉ុន្តែបើវាមិនមែនជាការគំរាមកំហែងយើងមិនចាំបាច់អីត្រូវធ្វើដូច្នោះទេ (...) ហើយវាក៏អាចជួយយើង ក្នុងការសន្សំសំចៃគ្រាប់មីស៊ីលរបស់យើងផងដែរ។ ជាងនេះទៅទៀតយើងគួរតែប្រមូលព័ត៌មានពីការបាញ់សាកល្បងមីស៊ីល ប្រសើរជាងធ្វើសកម្មភាពនៅពេលដែលវាមិនបង្កជាការគំរាមកំហែង»។
គួរបញ្ជាក់ថាកាលពីឆ្នាំ២០១៦ កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធនុយក្លែអ៊ែរចំនួនពីរលើក និងមីស៊ីលផ្លោងជាច្រើនដងក្នុងគោលបំណងអភិវឌ្ឍន៍ឱ្យបានសម្រេចមីស៊ីលផ្លោងអន្តរទ្វីប ICBM បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលមានសមត្ថភាពបាញ់ដល់ទឹកដីសហរដ្ឋអាមេរិក៕