(វ៉ាស៊ីនតោន)៖ មុនពេលរៀបចំខ្លួនចាកចេញពីសេតវិមានប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានធ្វើការថ្លែងសុន្ទរកថាដ៏រំជួលចិត្តជាលើកចុងក្រោយ នៅក្នុងឱកាសដើម្បីលាប្រជាជនអាមេរិកក្នុងនាមជាមេដឹកនាំកំពូលរបស់ប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Business Insider នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧។
លោកប្រធានាធិបតីអាមេរិកបានថ្លែងទៅកាន់អ្នកចូលរួមម្នាក់នៅឯទីក្រុង Chicago ដូច្នេះថា «អ្នកទាំងអស់គឺជាការផ្លាស់ប្តូរ... អ្នកបានឆ្លើយតបទៅនឹងសេចក្តីសង្ឃឹមរបស់មនុស្សរាល់គ្នា ហើយដោយសារតែអ្នក សហរដ្ឋអាមេរិកបានក្លាយជាកន្លែងដែលប្រសើរ និងរឹងមាំជាងមុននៅពេលដែលពួកយើងបានចាប់ផ្តើម»។
លោក បារ៉ាក់ អូបាម៉ា បានបញ្ចប់ការថ្លែងសុន្ទរកថា ជាមួយនឹងឃ្លាដ៏ល្បីល្បាញប្រចាំយុទ្ធនាការឃោសនាបោះឆ្នោតទាំងពីរលើករបស់រូបលោកថា «ពិតណាស់! យើងទាំងអស់គ្នាអាចធ្វើបាន។ ពិតណាស់! យើងបានធ្វើវា។ ពិតណាស់! យើងអាចធ្វើបាន»។ ទន្ទឹមគ្នានេះដែរប្រជាជនអាមេរិកទាំងអស់ដែលមានវត្តមាននៅទីនោះបានឆ្លើយតបទៅនឹងការថ្លែងសារដោយរួមគ្នាស្រែកដដែលៗថា «បួនឆ្នាំទៀតៗ» ប៉ុន្តែលោក អូបាម៉ា និយាយទាំងអស់សំណើចថា «ខ្ញុំមិនអាចធ្វើបែបនឹងបានទេ»។
នៅក្នុងឱកាសនោះដែរលោក បារ៉ាក់ អូបាម៉ា ក៏បានគូសបញ្ជាក់បន្ថែមថា «ខ្ញុំបានប្តេជ្ញាចំពោះប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ ថាក្រុមរដ្ឋបាលរបស់ខ្ញុំ នឹងធានាឲ្យបាននូវការផ្ទេរអំណាចដ៏រលូនបំផុតមួយតាមតែអាចធ្វើទៅបាន ដូចកាលដែលអតីតប្រធានាធិបតី George W. Bush បានរៀបចំសម្រាប់ខ្ញុំ ក៏ប៉ុន្តែអ្វីៗគឺវាអាស្រ័យលើរូបយើងទាំងអស់ដើម្បីធានឲ្យបានថារដ្ឋាភិបាលរបស់ពួកយើងអាចជួយយើងដោះស្រាយបញ្ហាដែលយើងនៅតែកំពុងប្រឈម»។
គួរបញ្ជាក់ដែរនៅសល់តែ ១០ថ្ងៃទៀតប៉ុណ្ណោះលោក ដូណាល់ ត្រាំ នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី ៤៥ ជាផ្លូវការហើយ៕