(តៃប៉ិ)៖ ភាពតានតឹងខ្លាំងរវាងតៃវ៉ាន់ និងចិនបានកក្រើកឡើងវិញនៅថ្ងៃពុធនេះ ខណៈដែលកងទ័ពជើងទឹកនិងកងយន្តហោះចម្បាំងនៃកោះតៃវ៉ាន់ បានទទួលបញ្ជាឲ្យចេញប្រតិបត្តិការឃ្លាំមើល ក៏ព្រោះតែនាវាដឹក យន្តហោះចម្បាំងដ៏ធំរបស់ប្រទេសចិន បានចល័តទៅទិសខាងជើងឆ្លងកាត់តាមច្រកសមុទ្រនៃកោះតៃវ៉ាន់។ នេះបើតាមសារព័ត៌មាន Channel News Asia ដកស្រង់ពីទីភ្នាក់ងារ Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧។
ជុំវិញព័ត៌មាននេះ កន្លងមកភាគីចិនធ្លាប់បានអះអាងរួចមកហើយថា នាវាដឹកយន្តហោះចម្បាំង Liaoning បានត្រឡប់មកពីធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូង ហើយមិនបានធ្វើការឆ្លងចូលអធិបតេយ្យភាពដែនទឹករបស់កោះតៃវ៉ាន់នោះហើយ។ ប៉ុន្តែឆ្លើយតបនឹងបញ្ហានេះកោះតៃវ៉ាន់ បានសម្រេចបញ្ជូនកងយន្តហោះចម្បាំង និងនាវាកងទ័ពជើងទៅឃ្លាំមើលសកម្មភាពរបស់នាវាចិននៅជិតខ្សែបន្ទាត់បែងចែកដែនទឹកដ៏ស្តួចស្តើងរវាងចិន និងតៃវ៉ាន់។
អ្នកនាំពាក្យក្រសួងការពារជាតិកោះតៃវ៉ាន់ លោក Chen Chung-chi បានលើកឡើងជុំវិញបញ្ហាខាងលើនេះយ៉ាងដូច្នេះថា «យើងអាចក្តោបក្តាប់ស្ថានការណ៍បានយ៉ាងពេញលេញ ចំពោះការវិវឌ្ឍន៍ចលនានេះ។ យើងបានបញ្ជូនកងនាវាចម្បាំង និងកងទ័ពជើងទឹកទៅធ្វើការតាមដានសកម្មភាពរបស់នាវាចិននោះហើយ»។ ប្រទេសចិនបានបញ្ជាក់ជុំវិញបញ្ហានេះទៀតថា នាវា Liaoning បានចេញប្រតិបត្តិការសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបង្កើនសមត្ថភាពនៅសមុទ្រចិនខាងត្បូង ហើយខ្លួនធ្វើនេះទៅស្របទៅតាមច្បាប់អន្តរជាតិ។
គួរបញ្ជាក់ថាលោក ត្សៃ អ៊ីងវិន ប្រធានាធិបតីកោះតៃវ៉ាន់ដែលមានទំនោរទាមទារឯករាជ្យភាពពីចិននោះ កំពុងតែធ្វើធ្វើទស្សនកិច្ចនៅបណ្តាប្រទេស នៃតំបន់អាមេរិកកណ្តាលមួយចំនួន ដែលជាសម្ព័ន្ធមិត្តកោះតៃវ៉ាន់ ហើយក្នុងនោះលោកស្រីក៏បានឆ្លងកាត់សហរដ្ឋអាមេរិក និងបានជួបពិភាក្សាជាមួយមន្ត្រីអាមេរិកមួយចំនួនថែមទៀតផង ដែលជាហេតុធ្វើឲ្យទីក្រុងប៉េកាំងក្តៅស្លឹកត្រចៀកយ៉ាងខ្លាំង៕