(ហូឡង់)៖ ជម្លោះនៅប្រទេសស៊ីរី, អំពើភេរវកម្ម, វិបត្តិជនភៀសខ្លួន, និងការកើនឡើងនៃភាពជ្រុលនិយម របស់ក្រុមអ្នកមាន និងអ្នកកាន់អំណាចកំពុងជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរណ៍នៅទ្វីបអឺរ៉ុប ក៏ដូចជាទី្វបអាហ្រ្វិកខាងជើង និងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមសម្តីអ្នកជំនាញមួយរូបមកពីវិទ្យាស្ថានទេសចរអឺរ៉ុបមួយហៅកាត់ថា ETFI ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧។
«ជម្លោះដ៏រ៉ាំរ៉ៃនៅប្រទេសស៊ីរីដែលបានបណ្តាលឲ្យមានការហូរចូលដ៏ច្រើនលើសលប់ នៃជនភៀសខ្លួន, ការគំរាមកំហែងនៃអំពើភេរវកម្ម, និងការកើនឡើងនៃរបបជាតិនិយមក៏ដូចជាប្រជាជននិយមនៅបណ្តាប្រទេសលោកខាងលិច កំពុងតែជះឥទ្ធិពលក្នុងកម្រិតយ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរណ៍នៅសហភាពអឺរ៉ុប»។ នេះបើតាមអ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថាន ETFI លោក Peter Singleton បានថ្លែងទៅកាន់ប្រតិភូនាថ្ងៃដំបូងនៃសិក្ខាសាលាស្តីពីវិស័យទេសចរណ៍ ដែលប្រារព្ធឡើងនៅទីក្រុង Utrecht នៃប្រទេសហូឡង់។
ប្រទេសមួយចំនួនបានរីករាយនឹងស្ថិរភាពភូមិសាស្រ្តនយោបាយ ទទួលបានការកើនឡើងនូវលំហូរនៃភ្ញៀវទេសចរកាលពីឆ្នាំ២០១៦ ខណៈប្រទេសផ្សេងៗ ដទៃទៀតបានជួបប្រទះនឹងការធ្លាក់ចុះដោយផ្ទុយពីការកើនឡើងបួនភាគរយនៃវិស័យទេសចរណ៍ពិភពលោក។ នេះបើតាមតាមលោក Singleton ដែលជាសាស្រ្តាចារ្យមួយរូបផងដែរនៅឯសាកលវិទ្យាល័យ Stenden។ បន្ថែមពីនេះលោក Peter Singleton បានគូសបញ្ជាក់ថា «ស្ថិរភាពភូមិសាស្រ្តនយោបាយគឺជាកត្តាដ៏សំខាន់បំផុតមួយសម្រាប់វិស័យទេសចរណ៍» និងព្យាករណ៍ថាទំនោរកាលពីឆ្នាំមុននឹងទំនងនៅតែបន្តដដែលក្នុងឆ្នាំ២០១៧នេះ។
គួរបញ្ជាក់ថាចំនួនភ្ញៀវទេសចរដែលបានធ្វើដំណើរទៅកាន់ប្រទេសតួកគីកាលពីឆ្នាំមុនបានធ្លាក់ចុះ ៣០ភាគរយដោយសារតែការវាយប្រហារដោយអំពើភេរវកម្មក្នុងទីក្រុងអ៊ីស្តង់ប៊ុល និងអស្ថិរភាពដែលបង្កឡើងដោយជម្លោះក្នុងប្រទេសស៊ីរីដែលនៅក្បែរខាង ខណៈប្រទេសបារាំងដែលបានទទួលផលប៉ះពាល់ដោយអំពើភេរវកម្មនៅតាមគោលដៅទេសចរណ៍សំខាន់ៗមួយចំនួនដូចជាទីក្រុងប៉ារីសនិងទីក្រុង Nice បានមើលឃើញវិស័យទេសចរណ៍ថយចុះបីភាគរយ ហើយវិស័យទេសចរណ៍ប្រទេសក្រិកវិញដែលបានប្រឈមនឹងការហូរចូលយ៉ាងខ្លាំងក្លានៃជនភៀសខ្លួននៅតាមកោះទេសចរល្បីៗបានធ្លាក់ចុះ ២៦ភាគរយ៕