(វ៉ាស៊ីនតោន)៖ ប្រទេសរុស្ស៊ីបានចូលលួចទិន្នន័យ (Hack) ពីក្នុងយុទ្ធនាការឃោសនានយោបាយរបស់គណបក្សសាធាណរដ្ឋនៅតាមរដ្ឋនីមួយៗនៃសហរដ្ឋអាមេរិក រួមទាំងម៉ាស៊ីន Server ចាស់ៗដែលផ្ទុកសារអ៊ីម៉ែលរបស់គណៈកម្មាធិការជាតិគណបក្សសាធារណរដ្ឋ ប៉ុន្តែពុំមានភស្តុតាងណាមួយបានបង្ហាញថារុស្ស៊ីបានវាយលុកដោយជោគជ័យតាមប្រព័ន្ធពត៌មានវិទ្យា ចូលទៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ នោះឡើយ។ នេះបើតាមការអះអាងរបស់ប្រធានការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) លោក James Comey ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧។
លោក Comey បានបន្ថែមទៀតថាអ្នកតំណាងរាស្រ្តរុស្ស៊ីមិនបានបញ្ចេញព័ត៌មានដែលលួចបានទាំងនោះឡើយ ហើយបានលើកឡើងថាប្រការនេះប្រហែលជារឿងដែលអាចគាំទ្រដល់ការយល់ឃើញរបស់បណ្តាទីភ្នាក់ងារចារកម្មអាមេរិក ដែលថារដ្ឋាភិបាលទីក្រុងម៉ូស្គូបានព្យាយាមជួយលោក ដូណាល់ ត្រាំ ប្រឆាំងនឹងគូប្រជែងរបស់លោកដែលមកពីគណបក្សប្រជាធិបតេយ្យគឺលោកស្រី ហ៊ីលឡារី គ្លីនតុន នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកទី៤៥ កាលពីចុងឆ្នាំ២០១៦កន្លងទៅនេះ។
គួរបញ្ជាក់ថាបើយោងតាមលោក James Comey ដដែល ទីភ្នាក់ងារ FBI ពុំបានរកឃើញភស្តុតាងណាមួយដែលបញ្ជាក់ថាយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ ឬមួយក៏គណៈកម្មាធិការជាតិគណបក្សសាធារណរដ្ឋសព្វថ្ងៃ ត្រូវបានគេចូលលួចយកទិន្នន័យដោយជោគជ័យនោះឡើយ ហើយលោក Comey ក៏មិនបានប្រាប់ដែរថាតើប្រទេសរុស្ស៊ីបានព្យាយាម Hack យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ ដែរឬយ៉ាងណានោះ៕