(វ៉ាស៊ីនតោន)៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក ០៣រូប និងលោក ចន ឃើរី ដែលនឹងត្រូវបញ្ចប់អាណត្តិជាប្រមុខការបរទេសអាមេរិកនៅ ថ្ងៃទី២០ ខែមករា ខាងមុខនេះបានជួបប្រជុំគ្នានៅថ្ងៃអង្គារម្សិលមិញ ដើម្បីចូលរួមក្នុងពិធីសម្ពោធមជ្ឈមណ្ឌលការទូតអាមេរិកថ្មីមួយ បង្កើតឡើងដោយមូលនិធិឯកជនដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ២០១៨។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងឱកាសនោះដែរអតីតរដ្ឋមន្ត្រីការបរទេស លោកស្រី ហ៊ីលឡារី គ្លីនតុន មិនបានកត់សម្គាល់ពីលោក ដូណាល់ ត្រាំ ឬយុទ្ធនាការឃោសនាបោះឆ្នោតនោះទេ។ ប៉ុន្តែលោកស្រីបានអះអាងថា ប្រជាធិបតេយ្យ សេរីភាព និងនីតិរដ្ឋ បាននិងកំពុងស្ថិតនៅក្រោមការគំរាមកំហែងនៅទូទាំងពិភពលោក ខណៈរបបផ្ដាច់ការ ឬជនផ្ដាច់ការបានកើនឡើងគួរឱ្យកត់សម្គាល់ (...) ហើយយើងត្រូវតែចងចាំជានិច្ចថាពិភពលោកកំពុងសម្លឹងមើលសហរដ្ឋអាមេរិក ដែលជាតួអង្គមួយមិនអាចខ្វះបានតែមិនមែនដោយសារតែទំហំ ឬឥទ្ធិពលយោធា ឬក៏ភាពខ្លាំងនៃសេដ្ឋកិច្ចរបស់យើងឡើយ គឺមកពីសហរដ្ឋអាមេរិកឈរលើតម្លៃជាសកល និងក្ដីសង្ឈឹម។
គួរបញ្ជាក់ថារដ្ឋមន្ត្រីការបរទេសអាមេរិកទំាងបួនរូប ដែលបានចូលរួមក្នុងពិធីសម្ពោធនោះរួមមាន លោក ចន ឃើរី លោកស្រី ហ៊ីលឡារី គ្លីនតុន លោក ហេនរី ឃីស៊ីងហ្គឺ (Henry Kissinger) និងលោក ជែម បេកឃឺ (James Baker)៕