(ម៉ិកសិក)៖ រដ្ឋមន្ត្រីការបរទេសម៉ិកសិកថ្មី លោក ល្វីស វីដេហ្គារាយ (Luis Videgaray) បានបញ្ជាក់ជាថ្មីឡើងវិញថា «គ្មានផ្លូវជាដាច់ខាត» ដែលប្រទេសរបស់លោកត្រូវចេញលុយសម្រាប់ជញ្ជាំងព្រំដែន ដែលប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានសន្យាថា នឹងសាងសង់នៅតាមតំបន់ ព្រំដែនមួយចំនួនរវាងសហរដ្ឋអាមេរិក និងម៉ិកសិក ដើម្បីទប់ស្កាត់លំហូរចូលជនភៀសខ្លួនខុសច្បាប់ និងចរាចរណ៍គ្រឿងញៀនចូលក្នុងទឹកអាមេរិក នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងកញ្ចក់ទរទស្សន៍ម៉ិកសិក លោក វីដេហ្គារាយ បានបញ្ជាក់ពីគោលជំហររដ្ឋាភិបាលរបស់លោក ដែលតាមនោះម៉ិកសិក នឹងមិនចេញថ្លៃសាងសង់ជញ្ជាំង ព្រំដែនជាឆ្អឹងទទឹងកនៃភាពតានតឹង ជាមួយសហរដ្ឋអាមេរិក ចាប់តាំងពីលោកដូណាល់ ត្រាំ បានសន្យានៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត កាលពីខែមិថុនា ឆ្នាំ២០១៥ ថាបើសិនជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក លោកនឹងបញ្ជាឱ្យគេសាងសង់ជញ្ជាំងព្រំដែន ហើយម៉ិកសិកគឺជាអ្នកចេញលុយ។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ សប្ដាហ៍មុន លោក ដូណាល់ ត្រាំ នៅតែនិយាយថា ម៉ិកសិកនឹងចេញថ្លៃសាងសង់ជញ្ជាំងព្រំដែនតាមការគ្រោងទុក។ ក៏ប៉ុន្តែ មួយថ្ងៃបន្ទាប់ ក្រុមការងារផ្ទេរអំណាចរបស់លោក បានអះអាងថា សភាអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ នឹងបោះឆ្នោតអនុម័តលើកញ្ចប់ថវិកា អនុវត្តគំរោងនេះ មិនមែនម៉ិកសិកជាចេញថ្លៃសាងសង់ឡើយ៕