(ហូជីមិញ)៖ ប៉ូលិសរបស់វៀតណាម បានឃុំខ្លួនបុរស០២នាក់ ដែលជាម្ចាស់ដាក់ឲ្យដំណើរការកន្លែងភ្នាល់លេងល្បែង តាមប្រព័ន្ធអ៊ីនធើណេតមួយកន្លែង ដែលមានតម្លៃ១៣.៤លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនាយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ។
បុរសដែលត្រូវបានឃុំខ្លួនទាំងពីរនាក់ មានឈ្មោះ La Tung Thinh និង Lu Vinh Loi ទាំងពីរនាក់មានអាយុ៥៣ឆ្នាំដូចគ្នា មកពីទីក្រុង Ho Chi Minh បានគ្រប់គ្រងប្រតិបត្តិការគេហទំព័រល្បែងមួយ ដែលបានចុះបញ្ជីនៅក្នុងប្រទេសហ្វីលីពីន។ នេះបើតាមការបញ្ជាក់ពីមន្ទីរប្រយុទ្ធប្រឆាំង និងការពារឧក្រិដ្ឋកម្ម បច្ចេកវិទ្យាជាន់ខ្ពស់របស់វៀតណាម បានឲ្យដឹងនៅថ្ងៃអង្គារនេះ។
ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៦ រហូតមកដល់ថ្ងៃចន្ទម្សិលមិញ ដែលជាថ្ងៃចាប់ខ្លួនបុរសទាំងពីរនាក់នោះ សង្វៀនល្បែងតាមអ៊ីនធើណេត នៅក្នុងប្រទេសវៀតណាមមួយនេះ បានប្រតិបត្តិការផ្ទេរប្រាក់ល្បែង សរុបមានជាង៣០០ពាន់លានដុង ស្មើនឹងប្រមាណ១៣.៤លានដុល្លារសហរដ្ឋអាមេរិក។
សូមជម្រាបថា ល្បែងស៊ីសងគឺជាល្បែងខុសច្បាប់ នៅក្នុងប្រទេសវៀតណាម លើកលែងតែកាស៊ីណូ ដែលចុះបញ្ជីស្របច្បាប់របស់រដ្ឋាភិបាល៕