(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសមាជិកសភាជាន់ខ្ពស់អាមេរិក មកពីគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ នឹងធ្វើបទបង្ហាញ នៅថ្ងៃអង្គារ នេះ (ម៉ោងក្នុងទីក្រុងវ៉ាស៊ីនតោន) ពីសេចក្ដីព្រាងច្បាប់មួយ ក្នុងគោលបំណងស្វែងរកការអនុម័ត ការដាក់ទណ្ឌកម្មបន្ថែម លើរុស្ស៊ី សម្រាប់សកម្មភាពវាយប្រហារព័ត៌មានវិទ្យា រួមទំាងសកម្មភាពនៅក្នុងប្រទេសស៊ីរី និងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧។
ច្បាប់ដាក់ទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងមូស្គូ ត្រូវបានគាំទ្រដោយព្រឹទ្ធសមាជិកសភាបក្សសាធារណរដ្ឋ លោក ចនម៉ាក ខេន (John McCain ) និងព្រឹទ្ធសមាជិកសភានៃបក្សប្រជាធិបតេយ្យ លោក បេន ខាឌីន (Ben Cardin) ព្រមទំាងលោក រ៉ូបឺត មីនិនឌែស (Robert Menendez) ហើយដែលអ្នកទាំងនេះសុទ្ធតែជាអ្នកនយោបាយមានឥទ្ធិពលលើកិច្ចការនយោបាយការបរទេស ខណៈក្រុម ព្រឹទ្ធសមាជិកសភា នៃគណបក្សទាំងពីរផ្សេងទៀត ក៏ត្រូវបានគេរំពឹងថានឹងគាំទ្រច្បាប់នេះដែរ។
សូមជំរាបថា បើតាមសេចក្ដីសង្ខេបបឋមដែលទីភ្នាក់ងារសារព័ត៌មាន Reuters បានឃើញ សេចក្ដីព្រាងច្បាប់នេះ គឺមានគោលដៅដាក់ ទណ្ឌកម្ម ហាមឃាត់លើទិដ្ឋាការ ក៏ដូចជាបង្កកទ្រព្យសម្បតិ្តនៃបុគ្គលទំាងឡាយណា ដែលបានចូលរួម ឬមានជាប់ពាក់ព័ន្ធនឹងសកម្ម ភាពវាយប្រហារព័ត៌មានវិទ្យាប្រឆាំងក្រុមមន្ត្រី និងស្ថាប័ននៃគណបក្សប្រជាធិបតេយ្យ។ ជាងនេះទៅទៀត សេចក្ដីព្រាងច្បាប់នេះក៏មាន គោលដាក់ទណ្ឌកម្ម ផងដែរ លើរុស្ស៊ីសម្រាប់សកម្មភាពនៅស៊ីរី និងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន៕