(អាហ្វហ្គានីស្ថាន)៖ ក្រុមសកម្មប្រយុទ្ធតាលីបង់ បានចេញមុខអះអាងហើយ ថាខ្លួនអ្នកនៅពីក្រោយ ការវាយប្រហារបំផ្ទុះគ្រាប់បែកពីរ លើកផ្ទួនៗគ្នា នៅថ្ងៃអង្គារនេះ ក្បែរការិយាល័យឧបសម្ព័ន្ធនៃសភាអាហ្វហ្គានីស្ថាន ក្នុងរដ្ឋធានីកាប៊ូល ដែលសម្លាប់មនុស្សយ៉ាងហោច ណាស់២១នាក់ និង៤៥នាក់ផ្សេងទៀត បានរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅមុននេះ បន្តិចនាយប់ថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧។
យោងតាមអាជ្ញាធរ នៅក្នុងតំបន់ ការវាយប្រហារភេរវកម្មពីរលើកផ្ទួនៗគ្នានេះ រួមមានទាំងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត និងរថយន្ដអត្តឃាតបង្កៃគ្រាប់បែក ដោយមានគោលដៅទៅលើរថយន្ដក្រុងធុនតូចមួយគ្រឿង ដឹកបុគ្គលិកនៃនាយកដ្ឋានជាតិសន្តិសុខ ដែល ជាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ដ៏សំខាន់នៃរដ្ឋាភិបាលទីក្រុងកាប៊ូល។ ក៏ប៉ុន្តែព្រមពេលជាមួយគ្នា ក្រុមឧទ្ទាមតាលីបង់ បានបញ្ជាក់ថា បានសម្លាប់មនុស្ស និងបង្កឱ្យរងបួស រហូតដល់ទៅជាង ៧០នាក់ឯណោះ ខណៈខាងអាជ្ញាធរមិនទាន់ធ្វើការអត្ថាធិប្បាយណាមួយ នៅឡើយទេ ជុំវិញការអះអាងនេះ៕