(អាហ្វហ្គានីស្ថាន)៖ ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ការវាយប្រហារបំផ្ទុះគ្រាប់បែកពីរលើកផ្ទួនៗគ្នាបាន កើតឡើងនៅក្បែរការិយាល័យឧបសម្ព័ន្ធនៃសភាអាហ្វហ្គានីស្ថាន ក្នុងរដ្ឋធានីកាប៊ូល ដោយក្នុងនោះក៏មានការវាយប្រហារបំផ្ទុះ រថយន្ដអត្តឃាតផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅមុននេះបន្តិចនាយប់ថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧។
ប្រភពដដែលបានឱ្យដឹងដែរថា មនុស្សយ៉ាងហោចណាស់២១នាក់ បានស្លាប់ និង៤៥នាក់ផ្សេងទៀត បានរងរបួស ក្នុងការវាយប្រហារ ភេរវកម្មពីរលើកផ្ទួនៗគ្នានេះ មានទាំងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត និងដោយបំផ្ទុះរថយន្ដអត្តឃាតបង្កៃគ្រាប់បែក។ ដោយឡែក ភ្លាមៗពុំទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវនៅឡើយទេ ប៉ុន្តែក្រុមតាលីបង់តែងតែដឹកនាំសកម្មភាពវាយប្រហារ របៀបនេះ ប្រឆាំងរដ្ឋាភិបាល និងយោធាបរទេស៕