(បាងកក)៖ មកទល់នឹងថ្ងៃអង្គារនេះតំបន់ភាគច្រើន នៅតាមបណ្តាខេត្តភាគខាងត្បូងប្រទេសថៃនៅតែបន្តជន់លិចដោយសារគ្រោះទឹកជំនន់ បន្ទាប់ពីបានប្រឈមនឹងការធ្លាក់ភ្លៀងខ្លាំងជាប់គ្នាឥតដាច់អស់រយៈពេលជាងមួយសប្តាហ៍មកនេះ ហើគ្រោះធម្មជាតិដ៏អាក្រក់នេះបានសម្លាប់ជីវិតមនុស្សកើនដល់ចំនួន ២៥នាក់ហើយ និងបានបណ្តាលឲ្យប្រជាជនថៃជាង ១លាននាក់ទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ នេះបើតាមសម្តីអាជ្ញាធរថៃដែលចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាល្ងាចថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧។
យោងតាមនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ ចំនួនជនរងគ្រោះដែលបានបាត់បង់ជីវិតបានកើនដល់ ២៥នាក់បើគិតមកទល់ពេលនេះ និងពីរនាក់ទៀតបាត់ខ្លួន ហើយមនុស្សប្រមាណ ១.១លាននាក់មកពី ៣៦៩,៦៨០គ្រួសារនៅក្នុងខេត្តចំនួន ១២នៃភាគខាងត្បូងប្រទេសបានទទួលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយធម្មជាតិខាងលើ។
ប្រភពដដែលបានឲ្យដឹងទៀតថា អាកាសយានដ្ឋានដ៏មមាញឹកជាងគេនៃខេត្ត Nakhon Si Thammarat ដែលស្ថិតនៅភាគខាងត្បូងប្រទេស នឹងនៅតែបន្តបិទទ្វាររហូតទាល់តែស្ថានការណ៍វិលទៅរកភាពប្រសើរឡើងវិញ ហើយផ្លូវរថភ្លើងពីទីក្រុងបាងកកទៅកាន់ខេត្តមួយនេះ ក៏ត្រូវបង្ខំចិត្តផ្អាកដំណើរការជាបណ្តោះអាសន្នផងដែរ។ បន្ថែមពីនេះគ្រោះទឹកជំនន់បានបំផ្លិចបំផ្លាញប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសថៃអស់ជាច្រើនរួមមានផ្លូវថ្នល់ចំនួន ២១៨ខ្សែនិងស្ពានចំនួន ៥៩ខ្សែ។
គួរបញ្ជាក់ថារដូវវស្សានៅប្រទេសថៃជាទូទៅតែងតែបញ្ចប់នៅចុងខែវិច្ឆិកា ជារៀងរាល់ឆ្នាំហើយការធ្លាក់ភ្លៀងខ្លាំង និងទឹកជំនន់គឺជារឿងកម្រកើតមានណាស់នៅក្នុងខែមករា ប៉ុន្តែនាឆ្នាំនេះភ្លៀងខុសរដូវដែលបាននិងកំពុងបន្តធ្លាក់យ៉ាងជោគជាំបានវាយប្រហារយ៉ាងខ្លាំងក្លាទៅលើ បណ្តាខេត្តភាគខាងត្បូងនៃប្រទេសស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ៕