(វ៉ាស៊ីនតោន)៖ ជំនួបដ៏ភ្ញាក់ផ្អើលរវាងប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ និងមហាសេដ្ឋីចិន ជាបិតាស្ថាបនិកក្រុមហ៊ុន Alibaba លោក ជេក ម៉ា (Jack Ma) បានបញ្ចប់ទៅប្រកបដោយផ្លែផ្កា ដែលនឹងបង្កើតការងារ ១លានកន្លែងសម្រាប់អាមេរិក តាមរយៈការអនុញ្ញាតឲ្យអ្នកធ្វើពាណិជ្ជកម្មខ្នាតតូច និងមធ្យមធ្វើការនាំចេញផលិតផលទៅកាន់ប្រទេសចិន តាមច្បាប់របស់ក្រុមហ៊ុន។ នេះបើតាមការដកស្រង់ការផ្សាយពី វែបសាយ Business Insider នារសៀលថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧។
ក្រុមហ៊ុន Alibaba បានបង្ហោះសារក្នុងបណ្តាញសង្គម Twitter របស់ខ្លួនយ៉ាងដូច្នេះថា «ក្រុមហ៊ុនរបស់យើងចង់បង្កើតការងារសម្រាប់អាមេរិក តាមរយៈការជួយដល់ពាណិជ្ជកម្មខ្នាតតូច និងកសិកររបស់អាមេរិកក្នុងការលក់ផលិតផលមកកាន់ប្រជាជនចិន ដែលមានចំណូលមធ្យមកម្រិតខ្ពស់ប្រមាណ ៣០០លាននាក់»។
ដោយឡែកលោក ដូណាល់ ត្រាំ បានប្រាប់អ្នករាយការណ៍ព័ត៌មាននានា បន្ទាប់ពីជំនួបជាមួយលោក ជេក ម៉ា យ៉ាងដូច្នេះថា «យើងបានធ្វើការពិភាក្សាគ្នាដ៏អស្ចារ្យ។ លោក ជេក ម៉ា ជាសហគ្រិនដ៏អស្ចារ្យបំផុត ដែលជាមនុស្សដ៏អស្ចារ្យបំផុតម្នាក់នៅក្នុងពិភពលោក។ គាត់ស្រលាញ់ប្រទេសរបស់គាត់... គាត់ស្រលាញ់ប្រទេសចិន»។
សម្រាប់លោក ជេក ម៉ា វិញបានបង្ហាញចំណាប់អារម្មណ៍ក្រោយជំនួបជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិកយ៉ាងដូច្នេះដែរថា «យើងទាំងពីរបានធ្វើការពិភាក្សាគ្នា អំពីការអនុញ្ញាតឲ្យទំនិញរបស់អាមេរិក ដូចជា សំលៀកបំពាក់ ស្រា និងផ្លែឈើ អាចធ្វើការលក់តាមរយៈច្បាប់ដែលបានកំណត់»។ បន្ថែមពីនេះទៀតលោក ជេក ម៉ា ក៏ចង់ធ្វើឲ្យទំនាក់ទំនងរវាងអាមេរិក និងចិនមានការវិវឌ្ឍន៍កាន់តែប្រសើរឡើងផងដែរ។
គួរបញ្ជាក់ថាក្រោយការជាប់ឆ្នោតរបស់លោក ត្រាំ ទំនាក់ទំនងជាមួយប្រទេសចិនមិនសូវជាល្អប៉ុន្មាននោះទេ ដោយលោក ត្រាំ ជារឿយៗតែងតែចោទប្រទេសចិនថាបានលួចការងាររបស់អាមេរិក តាមរយៈនយោបាយសេដ្ឋកិច្ចខ្សែលើ ហើយលោកក៏បានព្រមានផងដែរថា ពេលលោកឡើងកាន់អំណាចលោកនឹង ចាត់ការរឿងនេះដូចជា ការបង្កើនពន្ធលើផលិតនាំចូលពីប្រទេសចិន មកកាន់អាមេរិកជាដើម៕