(មូស្គូ)៖ ការសម្រេចចិត្តពីសំណាក់សហរដ្ឋអាមេរិកក្នុងការបញ្ជូនរថក្រោះ រថពាសដែក រួមទាំងកងទ័ព ៣,៥០០នាក់ទៅកាន់តំបន់អឺរ៉ុបខាងកើតនាពេលថ្មីៗនេះ ក្រោមហេតុផលទប់ស្កាត់ការពង្រីកឥទ្ធិពលយោធា និងដើម្បីកំញើញរុស្ស៊ីអាចនឹងលើកទឹកចិត្តឱ្យបណ្ដាប្រទេសតូចៗហ៊ានពើងទ្រូងដាក់ទីក្រុងមូស្គូ ក៏ប៉ុន្តែវាក៏អាចនឹងបង្កឱ្យមានជម្លោះនៅក្នុងតំបន់ផងដែរ។ នេះបើតាមការការព្រមានពីអ្នកវិភាគនយោបាយអាមេរិកម្នាក់ ដែលចុះផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Sputnik លោក John Walsh អ្នកជំនាញខាងវិភាគនយោបាយអន្តរជាតិ និងសង្គ្រាមបាននិយាយថា «ការបញ្ជូនយោធារបស់សហរដ្ឋអាមេរិកមិនមែនជាវិធានាការការពារដ៏មានប្រសិទ្ធភាពនោះទេ ត្បិតវាគ្មានអ្វីត្រូវការពារ (...) ក៏ប៉ុន្តែវាមានបែរជាបង្កឱ្យមានជម្លោះរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីតែប៉ុណ្ណោះ ខណៈស្ថានការណ៍នៅក្នុងតំបន់កំពុងតានតឹងស្រាប់។ ដូច្នេះបណ្ដាប្រទេសអឺរ៉ុប គួរតែប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ចំពោះទីតាំងរបស់ខ្លួននៅចន្លោះទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ»។
គួរបញ្ជាក់ថា បើតាមការពន្យល់របស់លោក John Walsh បន្ទាប់ពីឡើងស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកជាផ្លូវការនៅថ្ងៃទី២០ ខែមករាខាងមុខនេះ លោក ដូណាល់ ត្រាំ អាចនឹងលុបចោលផែនការដាក់ពង្រាយយោធារបស់រដ្ឋាភិបាលលោក បារ៉ាក់ អូបាម៉ា ក៏ព្រោះតែលោកបានបង្ហាញជំហរច្បាស់លាស់របស់អាមេរិក ក្នុងការស្តារទំនាក់ទំនងឲ្យបានល្អឡើងវិញជាមួយនឹងប្រទេសរុស្ស៊ី ហើយវាក៏ទំនងជាកត្តាដែលបានជំរុញឲ្យរូបលោកជាប់ឆ្នោតផងដែរ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦៕