(ម៉ានីល)៖ ជនប្រដាប់អាវុធមានគ្នាប្រាំនាក់បានបើក ការវាយប្រហារទៅលើទូកនេសាទមួយគ្រឿងនៅក្បែរក្រុង Zamboanga ភាគខាងត្បូងប្រទេសហ្វីលីពីន ដែលបានបណ្តាលឲ្យមនុស្សនៅលើទូកយ៉ាងតិចចំនួន ០៨នាក់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧។
លោក Filemon Tan អ្នកនាំពាក្យកងទ័ពជើងគោកហ្វីលីពីនបានថ្លែងថាទូកនេសាទខាងលើផ្ទុកមនុស្សសរុបចំនួន ១៥នាក់ដែលជាអ្នកបំរើការនៅលើនោះបានទទួលរងការវាយប្រហារពីសំណាក់ក្រុមជនប្រដាប់អាវុធដែលមានកាណូតជាយានជំនិះ នាវេលាម៉ោងប្រហែល ៧៖៣០នាទីព្រឹកអង្គារនេះ នៅលើផ្ទៃសមុទ្រក្បែរក្បែរភូមិ Dita ក្នុងទីក្រុង Zamboanga នៃកោះ Laud Siromon។
លោក Tan បានបញ្ជាក់ថា «មនុស្សនៅលើទូកនេសាទចំនួន ០៨នាក់បានស្លាប់នៅក្នុងហេតុការណ៍នេះ ហើយសមាជិកបំរើការនៅលើនោះចំនួនប្រាំនាក់ផ្សេងទៀត បានលោតចុះពីលើទូកហើយបានរួចរស់ជីវិតពីការវាយប្រហារដោយធ្វើការហែលសំដៅទៅកាន់ដីកោះដែលនៅក្បែរខាង ខណៈពីរនាក់ទៀតដែលបានសម្រេចចិត្តនៅលើទូកមិនព្រមចាកចេញក៏ពុំបានទទួលរងគ្រោះថ្នាក់អ្វីដែរ»។
មន្រ្តីយោធាខាងលើដដែលបានបន្ថែមជាចុងក្រោយថា គំនុំសងសឹកគ្នាឬមួយក៏ការគំរាមជំរិតយកប្រាក់អាចជាមូលហេតុស្ថិតនៅពីក្រោយការវាយប្រហារនេះ ហើយកម្លាំងប៉ូលិសក៏ដូចជាកងទ័ពត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុដើម្បីត្រួតពិនិត្យលើករណីនេះ៕