(យូអិន)៖ អគ្គលេខាធិការថ្មីរបស់អង្គការសហប្រជាជាតិលោក Antonio Guterres នៅថ្ងៃអង្គារនឹងធ្វើការថ្លែងសុន្ទរកថាជាលើកដំបូងរបស់រូបលោកទៅកាន់ក្រុមប្រឹក្សាសន្តិសុខ ចាប់តាំងពីបានឡើងកាន់តំណែងជំនួសលោក បាន គីមូន នាពេលថ្មីៗនេះមក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧។
វត្តមានផ្លូវការជាលើកទីមួយរបស់ប្រមុខដឹកនាំកំពូល UN នៅឯក្រុមប្រឹក្សាសន្តិសុខក្នុងអំឡុងពេលនៃការជជែកដេញដោលមួយអំពីការទប់ស្កាត់ជម្លោះដែលដឹកនាំដោយលោក Margot Wallstorm រដ្ឋមន្រ្តីការបរទេសនៃប្រទេសស៊ុយអែត ដែលជាអ្នកធ្វើជាប្រធាននៃក្រុមប្រឹក្សានាខែនេះហើយសមាជិកក្រុមប្រឹក្សាសន្តិសុខយ៉ាងតិចចំនួន ០៩ក្នុងចំណោម ១៥ប្រទេស នឹងត្រូវបញ្ចូនអ្នកតំណាំងមកចូលរួមត្រឹមកំរិតជារដ្ឋមន្រ្តីដើម្បីរង់ចាំស្តាប់លោក Antonio Guterres រៀបចំគំរោងសកម្មភាពរបស់លោកនៅក្នុងនាមជាប្រមុខដឹកនាំនៃអង្គការសហប្រជាជាតិ។
គួរបញ្ជាក់ថាលោក Antonio Guterres បានឡើងកាន់តំណែងបន្តពីលោក បាន គីមូន កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧កន្លងទៅនេះ ដោយលោកបានប្តេជ្ញាថានឹងស្វះស្វែងធ្វើយ៉ាងណាបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិពិភពលោក ហើយបច្ចុប្បន្នអតីតនាយករដ្ឋមន្រ្តីព័រទុយហ្គាល់ និងធ្លាប់ជាឧត្តមស្នងការ UN ទទួលបន្ទុកជនភៀសខ្លួន កំពុងប្រឈមនឹងក្រុមប្រឹក្សាសន្តិសុខដែលមានការបែកបាក់ផ្ទៃក្នុងយ៉ាងជ្រាលជ្រៅ ដោយមិនអាចចាត់វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីបញ្ចប់សង្រ្គាមនៅប្រទេសស៊ីរី ដែលបានអូសបន្លាយអស់រយៈពេល ០៦ឆ្នាំហើយគិតមកទល់នឹងឆ្នាំ២០១៧នេះ៕