(តូក្យូ)៖ ជប៉ុននឹងធ្វើការ តាមដាន ប្រមូល ក៏ដូចជាវិភាគរាល់ព័ត៌មានទាំងឡាយពាក់ព័ន្ធនឹងការបាញ់សាកល្បងគ្រាប់មីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដោយយកចិត្តទុកដាក់ជាទីបំផុតចំពោះស្ថានភាពនៅក្នុងតំបន់នាពេលបច្ចុប្បន្ន។ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧។
អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក យូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) នៅក្នុងសន្និសីទសារព័ត៌មាន បានថ្លែងថា រដ្ឋាភិបាលទីក្រុងតូក្យូនឹងប្រើប្រាស់គ្រប់លទ្ធភាពតាមដែលអាចធ្វើទៅបាន ដើម្បីប្រកាសសញ្ញាអាសន្ន និងឃ្លំាមើលរាល់សកម្មភាពយោធារបស់កូរ៉េខាងជើង។
គួរបញ្ជាក់ថាកាលពីថ្ងៃអាទិត្យកន្លងទៅ កូរ៉េខាងជើងបានអះអាងថាអាចនឹងបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ICBM នៅគ្រប់ពេលវេលា តាមបញ្ជាលោក គីម ជុងអ៊ុន ហើយថែមទាំងបញ្ជាក់ឡើងវិញដែរថា នយោបាយឈ្លានពានរបស់សហរដ្ឋអាមេរិក គឺជាមូលហេតុជំរុញឱ្យកូរ៉េខាងជើងត្រូវតែអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងឱ្យខានតែបាន៕