(ហុងដូរ៉ាស់)៖ មនុស្សយ៉ាងហោចណាស់ ០៤នាក់បានស្លាប់ និង១៥នាក់ផ្សេងទៀតបាត់ខ្លួនបន្ទាប់ពីខ្យល់ព្យុះដ៏ខ្លំាងក្លាមួយបានវាយប្រហារមកលើប្រទេសហុងឌូរ៉ាស ចាប់តាំងពីថ្ងៃសៅរ៍សប្ដាហ៍មុនមកម្ល៉េះ។ នេះបើតាមអាជ្ញាធរហុងឌូរ៉ាស ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧។
ប្រភពដដែលបានបញ្ជាក់ដែរថា អ្នកនេសាទម្នាក់អាយុ ៤៩ឆ្នាំបានលង់ទឹកស្លាប់កាលពីថ្ងៃអាទិត្យ នៅតំបន់ឈូងសមុទ្រនៃភាគខាងជើងកំពង់ផែ Omoa បន្ទាប់ពីទូករបស់គេបានក្រឡាប់លិច ខណៈមនុស្សបីនាក់ក៏បានស្លាប់ផងដែរ និង១៤នាក់បានបាត់ខ្លួនក្រោយទូកដឹកដំណើរផ្ទុកមនុស្សចំនួន ៣៥នាក់ បានលិចនៅឯតំបន់ឆ្នេរ Mosquito នៃប្រទេសហុងឌូរ៉ាស។
គួរបញ្ជាក់ថាបើតាមអាជ្ញាធរហុងឌូរ៉ាស ទេសចរណ៍ជនជាតិកាណាដាម្នាក់អាយុ ៧៣ឆ្នាំបានបាត់ខ្លួន កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុននៅឯកោះ Roatan ដែលជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពនៃប្រទេសហុងឌូរ៉ាស៕