(សេអ៊ូល)៖ សៀវភៅសស្ដីពីវិស័យការពារជាតិឆ្នាំ២០១៦ ចុះផ្សាយនៅថ្ងៃអង្គារនេះ ដោយក្រសួងការពារជាតិកូរ៉េខាងត្បូងបានឱ្យដឹងថា កងទ័ពកូរ៉េខាងជើងបច្ចុប្បន្នមានចំនួនសរុបប្រមាណជា ១.២៨លាននាក់ (ជាប់លេខ ១ លើពិភពលោកគិតពីចំនួនកងទ័ព និងលេខ ៤ លើឥទ្ធិពលយោធា) ដោយកើនឡើង ៨០,០០០នាក់បន្ថែមក្នុងរយៈពេលពីរឆ្នាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧។
សៀវភៅសនេះដដែលបានបញ្ជាក់ទៀតថា កូរ៉េខាងជើងបានបង្កើនចំនួនកងទ័ពថ្មើរជើងពី ១.០២នាក់ដល់ ១.១០លាននាក់ ខណៈកងទ័ពអាកាសហាក់ដូចជាត្រូវបានកាត់បន្ថយពី ១២០,០០០នាក់មកនៅត្រឹម ១១០,០០០នាក់រីឯកងទ័ពជើងទឹកមិនមានការប្រែប្រួលនោះទេគឺនៅចំនួនដដែល ៦០,០០០នាក់ ហើយនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះរបបដឹកនាំលោក គីម ជុងអ៊ុន បានបង្កើតអង្គភាពយោធាថ្មីពីរដែលទទួលបន្ទុកដឹកនាំវិស្វកម្មយោធា និងការសាងសង់ផ្លូវថ្នល់។
ដោយឡែកពាក់ព័ន្ធនឹងសមត្ថភាពនុយក្លេអ៊ែរ សៀវភៅសនេះបានគូសបញ្ជាក់ថាកូរ៉េខាងជើងមានសារធាតុភ្លុយតូនីញ៉ូមប្រមាណជា ៥០គីឡូក្រាម ដោយកើនឡើង ១០គីឡូក្រាមបើធៀបទៅនឹងឆ្នាំ២០០៨ ក៏ប៉ុន្តែការប៉ាន់ប្រមាណពីបរិមាណជាក់លាក់ មិនទាន់អាចត្រូវបានគេបញ្ជាក់ឱ្យច្បាស់លាស់ឡើយ ដោយ សារតែការចម្រាញ់សារធាតុភ្លុយតូនីញ៉ូម និងអ៊ុយរ៉ាញ៉ូមធ្វើឡើងជាសម្ងាត់៕