(រ៉ូម)៖ រដូវរងារបានវាយប្រហារយ៉ាងខ្លាំងក្លាមកលើប្រទេសអ៊ីតាលីនាដើមឆ្នាំ២០១៧នេះ បានបណ្តាលឲ្យផ្ទៃប្រទេសទាំងមូលរងគ្រោះដោយព្រិលធ្លាក់ និងបានផ្តាច់ជីវិតប្រជាជនសរុបចំនួន ០៨នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧។
អ្នកស្លាប់ភាគច្រើនត្រូវបានសារព័ត៌មានក្នុងស្រុករាយការណ៍ថា ជាមនុស្សមានវ័យចំណាស់ ហើយក្នុងនោះស្ត្រីវ័យ ៨៥ឆ្នាំម្នាក់ត្រូវបានអាជ្ញាធររកឃើញថាបានទទួលរងនូវអការៈរងារខ្លាំងពេកនៅក្នុងផ្ទះរបស់គាត់ ហើយក៏ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ ប៉ុន្តែសំណាងអាក្រក់ស្ត្រីវ័យចំណាស់រូបនេះ បានស្លាប់ទៅហើយ។ ការបាត់បង់ជីវិតមនុស្សនេះ ក៏ព្រោះតែអាកាសធាតុបានធ្លាក់ដល់សីតុណ្ហភាព -១០អង្សាសេស្ថិតនៅតំបន់ Abruzzo នៃខេត្ត Chieti ភាគកណ្តាករបស់ប្រទេសអ៊ីតាលី។
ដោយឡែកជនគ្មានទីជម្រក ០៦នាក់ផ្សេងទៀតក៏ត្រូវបានគេប្រទះឃើញដេកស្លាប់ក្រោមគំនរព្រិលធ្លាក់ផងដែរ និងម្នាក់ទៀតជាស្ត្រីវ័យចំណាស់អាយុ ៨១ឆ្នាំដែលបានស្លាប់ដោយសារតែមិនអាចទប់ទល់នឹងអាកាសធាតុត្រជាក់ខ្លាំងបាន។ មិនត្រឹមតែបាត់បង់អាយុជីវិតមនុស្សទេតំបន់ភាគកណ្តាល និងខាងត្បូងប្រទេសអ៊ីតាលីក៏បានរងការខូចបង់ផ្នែកសេដ្ឋកិច្ចផងដែរ ខណៈផលដំណាំជាច្រើនបានខូចខាតដោយសារតែព្រិលធ្លាក់គិតជាទឹកប្រាក់ ៧៣៩លានដុល្លារអាមេរិក។ អាកាសធាតុត្រូវបានផ្នែកឧតុនិយមព្យាការណ៍ថានឹងប្រសើរឡើងវិញនៅពាក់កណ្តាលសប្តាហ៍នេះ៕