(អាមេរិក)៖ ក្រុមហ៊ុន Yahoo Inc បានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួននឹងប្តូរឈ្មោះទៅជា «Altaba Inc» ហើយ CEO (នាយកប្រតិបត្តិ) របស់ក្រុមហ៊ុនគឺលោកស្រី Marissa Mayer នឹងលាលែងពីតំណែងបន្ទាប់ពីក្រុមហ៊ុនដ៏ធំមួយនេះសម្រេចកិច្ចព្រមព្រៀងក្នុងលក់ជាស្ថាពរទៅឲ្យក្រុមហ៊ុនទូរគមនាគមន៍ Verizon Communications Inc។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧។
គួរបញ្ជាក់ថាក្រុមហ៊ុន Yahoo មានកិច្ចព្រមព្រៀងមួយដើម្បីលក់មុខជំនួញស្នូលតាមរយៈប្រព័ន្ធអ៊ីនធឺណែតរបស់ខ្លួនដែលមានរួមបញ្ចូលទាំងការផ្សព្វផ្សាយពាណិជ្ជកម្ម និងសារអេឡិចត្រូនិចទៅឲ្យក្រុមហ៊ុន Verizon ក្នុងតម្លៃ ៤.៨៣ពាន់លានដុល្លារហើយ Yahoo បានអះអាងថាការលាលែងពីតំណែងរបស់លោកស្រី Marissa Mayer ក៏ដូចជាថ្នាក់ដឹកនាំមួយចំនួនទៀតមិនត្រូវបានធ្វើឡើងដោយសារតែការខ្វែងគំនិតគ្នាណាមួយជាមួយនឹងក្រុមហ៊ុន លើបញ្ហាពាក់ព័ន្ធនឹងប្រតិបត្តិការ, គោលការណ៍, និងការអនុវត្តន៍ របស់ក្រុមហ៊ុននោះឡើយ៕