(តួកគី)៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានលើកឡើងនៅថ្ងៃចន្ទនេះថា លោកជឿជាក់ថា ការពិភាក្សារបស់តួកគី ជាមួយសហរដ្ឋអាមេរិក នឹងទទួលបានសន្តិភាព បន្ទាប់ពីលោកប្រធានាធិបតីជាប់ឆ្នោត Donald Trump ឡើងកាន់តំណែង ហើយថា ពួកគេនឹងសម្រេចបាន នូវការព្រមព្រៀងលើបញ្ហាក្នុងតំបន់។ នេះបើតាមសារព័ត៌មាន Channel News Asia ចុះផ្សាយនាយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧នេះ។
ទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុង Washington និង Turkey បានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីមានការធ្វើរដ្ឋប្រហារបរាជ័យ កាលពីខែកក្កដា នៅប្រទេសតួកគី។ លោកប្រធានាធិបតី និងរដ្ឋាភិបាលតួកគី បានចោទប្រកាន់បុព្វជិត Fethullah Gulen ដែលបាននិរទ្ទេសខ្លួនដោយខ្លួនឯងទៅរស់នៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ១៩៩៩ ថាជាមេខ្លោងនៅពីក្រោយខ្នង នៃការធ្វើរដ្ឋប្រហារ ខណៈបុព្វជិត Gulen បានបដិសេធ ក្នុងការពាក់ព័ន្ធនឹងរដ្ឋប្រហារនេះ។
តួកគី ក៏បានខឹងសម្បារផងដែរ ចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះក្រុមយោធា Kurdish ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាម ISIS នៅក្នុងប្រទេសស៊ីរី។ តួកគីយល់ឃើញថា ក្រុម Kurdish នេះ គឺបាននៅពីក្រោយខ្នង នៃការបំផ្ទុះគ្រាប់បែកជាច្រើនកន្លែងថ្មីៗនេះ នៅក្នុងប្រទេសរបស់ខ្លួន៕