(អាមេរិក)៖ វាពិតប្រាកដណាស់ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក បានចាប់ផ្តើមកែប្រែមុខមាត់នៃវិស័យការទូត របស់សហរដ្ឋអាមេរិក ចំពោះមុខអន្តរជាតិ ខណៈដែលលោកបានចេញបញ្ជាឲ្យអគ្គរដ្ឋទូតអាមេរិកទាំងអស់ នៅតាមបណ្តាប្រទេសនានា ដែលត្រូវបានតែងតាំងដោយលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីជិតផុតអាណត្តិលាលែងពីតំណែង និងចាកចេញពីបណ្តាប្រទេសទាំងនោះឲ្យបានមុនថ្ងៃលោកឡើងកាន់តំណែងថ្ងៃទី២០ ខែមករា ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Independent របស់អង់គ្លេស នាល្ងាចថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០១៧។
សារព័ត៌មានអឺរ៉ុបបានចេញផ្សាយថា វាជាហានិភ័យមួយសម្រាប់អាមេរិកក្នុងការបោះជំហានបែបនេះ ខណៈមន្ត្រីទូតថ្មីក៏មិនទាន់ត្រូវបានតែងតាំង ហើយអគ្គរដ្ឋទូតនៅតាមបណ្តាប្រទេសសំខាន់ៗដូចជា ចក្រភពអង់គ្លេស, អាល្លឺម៉ង់, និង កាណាដា ក៏ត្រូវដកចេញថែមទៀត ដែលជាហេតុធ្វើឲ្យក្រុមគ្រួសាររបស់ពួកគេពិបាកក្នុងការរកកន្លែងស្នាក់នៅ ពេលមកដល់អាមេរិកវិញ និងកិច្ចការងារការទូតសំខាន់ៗ អាចនឹងត្រូវរាំងស្ទះផងដែរ។
តាមការអះអាងពីក្រុមការងារអន្តរកាលរបស់លោក ត្រាំ អគ្គរដ្ឋទូតតាមបណ្តាប្រទេសជាច្រើន ត្រូវបានសម្រេចឲ្យលាលែងពីតំណែង តាមរយៈលិខិតបញ្ជាដែលត្រូវបានបញ្ជូនទៅកាន់ពួកគេតាំងពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ មកម្ល៉េះ។ មន្ត្រីជាន់ខ្ពស់តំណាងលោក ត្រាំ បានគូសបញ្ជាក់ថា «វាគ្មានអ្វីគួរឲ្យឈឺចាប់» សម្រាប់រឿងនេះឡើយ ដោយវាជារឿងធម្មតាដើម្បីធានាឲ្យបានថា មន្ត្រីដែលត្រូវបានតែងតាំងដោយលោក បារ៉ាក់ អូបាម៉ា នឹងអាចលាលែងចេញពីតំណែងឲ្យទាន់ពេលវេលាកំណត់។
គួរបញ្ជាក់ថា កន្លងមកលោក ត្រាំ ធ្លាប់បានបង្ហើបថាលោកនឹងតែងតាំងលោកមេធាវី David Friedman ធ្វើជាអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសអ៊ីស្រាអែល និងអភិបាលរដ្ឋ Iowa លោក Terry Branstad ធ្វើជាអគ្គរដ្ឋទូតប្រចាំប្រទេសចិន។ ទោះបីជាបែបនេះក្តី អ្នកវិភាគបានលើកឡើងថា លោក ត្រាំ ទំនងជាមិនអាចធ្វើការតែងតាំងអគ្គរដ្ឋទូត ទៅតាមបណ្តាប្រទេសនានាឲ្យបានគ្រប់ចំនួន ទាន់ពេលដែលលោក ឡើងស្បថចូលកាន់តំណែងជាផ្លូវការនោះឡើយ។
ពាក់ព័ន្ធនឹងរឿងនេះ ប្រពន្ធទីមួយរបស់លោក ត្រាំ គឺលោកស្រី Ivana Trump បានបង្ហើបរួចទៅហើយថាលោកស្រី ចង់ធ្វើជាអគ្គរដ្ឋទូតអាមេរិកសាធារណរដ្ឋឆេក ប៉ុន្តែគេពុំទាន់ទទួលបានការបញ្ជាក់ជាផ្លូវការថាលោកស្រី នឹងអាចត្រូវតែងតាំងឬក៏អត់នោះទេ៕