(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានថ្លែងនៅថ្ងៃចន្ទនេះថា មនោគមវិជ្ជាដែលប្រកបដោយអំពើហិង្សាដ៏ឃោរឃៅរបស់ក្រុម ISIS បានចូលមកដល់ប្រទេសហ្វីលីពីនហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាល្ងាចថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០១៧។
ថ្លែងក្នុងពិធីមួយដែលប្រារព្ធឡើងនៅឯវិមានប្រធានាធិបតីលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាននិយាយថា «ពេលនេះពួកយើងទាំងអស់គ្នាបានទទួលស្គាល់ថាមនោគមវិជ្ជាបានមកដល់ទឹកដីប្រទេសហ្វីលីពីនហើយ»។ លោកប្រធានាធិបតីហ្វីលីពីនបានបន្ថែមថា បណ្តាក្រុមភេរវករកំពុងតែប្រើប្រាស់ការជួញដូរគ្រឿងញៀន ដើម្បីផ្គត់ផ្គង់បណ្តាញក្រុមរបស់ពួកគេនៅលើកោះ Mindanao ភាគខាងកើតហ្វីលីពីន។
ជាមួយគ្នានេះដែរមេបញ្ជាការប៉ូលិសជាតិហ្វីលីពីនលោក Ronald Dela Rosa បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា កងកម្លាំងការពារសន្តិសុខកំពុងតែឃ្លាំមើលយ៉ាងដិតដល់ចំពោះក្រុមភេរវកបរទេសចំនួនពី ០៥នាក់ ដល់១០នាក់ ដែលអាចមានវត្តមាននៅក្នុងប្រទេស ហើយលោកក៏បានបញ្ជាក់ដែរថា អាជ្ញាធរហ្វីលីពីនបានទទួលដំណឹងថា ក្រុមភេរវករបរទេសកំពុងតែហ្វឹកហ្វឺននៅហ្វីលីពីន មុននឹងត្រូវបញ្ជូនទៅកាន់ប្រទេស៊ីរី។
គួរបញ្ជាក់ដែរថាលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានបញ្ជាក់កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ថាក្រុម ISIS មានទំនាក់ទំនងដោយផ្ទាល់ជាមួយក្រុមឧទ្ទាមអ៊ីស្លាម Maute ដែលនៅភាគខាងកើតហ្វីលីពីន៕