(ប៉ារីស)៖ អាជ្ញាធរបារាំងបានឱ្យដឹងនៅថ្ងៃចន្ទនេះថាមនុស្ស ១៦នាក់ត្រូវបានចាប់ខ្លួននៅក្នុងក្របខណ្ឌនៃការស៊ើបអង្កេតជាប់ពាក់ព័ន្ធនឹងជនសង្ស័យ ក្នុងអំពើប្លន់តារាសម្ដែងអាមេរិកនាង Kim Kardashian នៅទីក្រុងប៉ារីស កាលពីខែតុលា ឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅល្ងាចថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០១៧។
ប្រភពដដែលបានបញ្ជាក់ទៀតថានាង Kim Kardashian ត្រូវបានបុរសពីរនាក់ស្លៀកពាក់បន្លំជាមន្ត្រីប៉ូលិស យកកាំភ្លើងភ្ជង់ប្លន់ មុននឹងចាប់ចង ហើយចាក់សោរឃុំរូបនាង នៅក្នុងបន្ទប់ទឹក នៅឯសណ្ឋាគារដ៏ប្រណិតមួយកន្លែងក្នុងទីក្រុងប៉ារីស។
គួរបញ្ជាក់ថាចោរប្លន់ទាំងពីរនាក់នេះ បានរត់គេចខ្លួនជាមួយគ្រឿងអលង្កាមានតំលៃជាច្រើនដែលគិតទឹកប្រាក់ប្រមាណ ១០លានអឺរ៉ូ ឬស្មើនឹងជាង ១០.៥លានដុល្លារអាមេរិក។ នាង Kim Kardashian បានធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស កាលពីខែតុលា ឆ្នាំ២០១៦ ដើម្បីចូលរួមក្នុងពិធីបង្ហាញម៉ូត Paris Fashion Week៕