(អង់ការ៉ា)៖ ទីបញ្ជាការយោធាប្រទេសតួកគីបានឲ្យដឹងនៅថ្ងៃចន្ទនេះថា សមាជិកនៃក្រុមភេរវករ ISIS ចំនួន ៤៨នាក់ត្រូវបានសម្លាប់នៅក្នុងក្រុង Al-Bab ភាគខាងជើងប្រទេសស៊ីរីនៅក្នុងប្រតិបត្តិការយោធាដែលបានប្រព្រឹត្តទៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០១៧។
យោងតាមប្រភពដដែលឲ្យដឹងទៀតថា កន្លែងលាក់ខ្លួន, ទីតាំងការពារខ្លួន, យានយន្ត, និងទីបញ្ជាការដ្ឋានជាច្រើនសរុបចំនួន ២៤៦គោលដៅត្រូវបានវាយប្រហារដោយក្រុមប្រតិបត្តិការយោធាក៏ក្តៅគគុក ហើយក្រៅពីក្រុង Al-Bab យន្តហោះចម្បាំងរបស់កងយោធាតួកគី ក៏បានធ្វើការទម្លាក់គ្រាប់បែកទៅលើទីតាំងឈរជើងរបស់ក្រុមភេរវករនេះ នៅតាមបណ្តាទីក្រុងមួយចំនួនរួមមាន Bzagah, Suflaniyah, និង Kabr Al-Mukri ថែមទៀតផង។
គួរបញ្ជាក់ថាយោធាតួកគីបានបើកប្រតិបត្តិការមួយមានឈ្មោះថា Euphrates Shield កាលពីខែសីហា ឆ្នាំ២០១៦ ដើម្បីប្រឆាំងនឹងក្រុម ISIS ក៏ដូចជាក្រុមឧទ្ទាមឃើដ នៅក្នុងទឹកតាមព្រំដែននៃប្រទេសស៊ីរី ហើយក៏បានសម្រេចលទ្ធផលជាច្រើនកន្លងមកហើយដែរ៕