(វ៉ាស៊ីនតោន)៖ បន្ទាប់ពីចាញ់លោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ជីវិតនយោបាយរបស់អតីតរដ្ឋមន្ត្រីការបទេស លោកស្រី ហ៊ីលឡារី គ្លីនតុន ហាក់ដូចជាធ្លាក់ចូលក្នុងភាពមិនច្បាស់លាស់ ស្របពេលសារព័ត៌មានមួយចំនួនក្នុងសហរដ្ឋអាមេរិក ដូចជា New York Daily News តាមរយៈប្រភពដែលខ្លួន ទទួលបាន បានរាយការណ៍ថា លោកស្រី គ្លីន តុន ទំនងជាអាចនឹងឈរឈ្មោះជាបេក្ខភាពប្រក្រួតប្រជែងយកតំណែងអភិបាលទីក្រុងញូយ៉ក ពីលោក បៀល ឌឺប្លាសស៊ីយ៉ូ (Bill de Blasio)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០១៧។
ជុំវិញការលើកឡើងនេះដែរថ្លែងប្រាប់សារព័ត៌មាន Russian Today អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាននយោបាយរុស្ស៊ី លោក អាឡិចស៊ី មូឃីន (Alexeï Moukhine) បានពន្យល់ថា «លោកស្រី គ្លីនតុន គឺជាស្រ្តីម្នាក់ដែលសកម្មនិងមានការគិតគូរច្បាស់លាស់ពីនយោបាយ។ ដូច្នេះលោកស្រីអាចនឹងត្រឡប់ចូលប្រឡូកក្នុងឆាកនយោបាយជាថ្មីម្ដងទៀត បើទោះបីជាភាពបរាជ័យរបស់លោកស្រីនៅក្នុងការបោះឆ្នោតបានធ្វើឱ្យប៉ះពាល់ដល់ផ្លូវអារម្មណ៍យ៉ាងខ្លំាង សម្រាប់លោកស្រី គ្លីនតុន ខ្លួនឯងផ្ទាល់ ក្រុមការងារលោកស្រី និងប្រជាជនអាមេរិកជាងពាក់កណ្ដាលក៏ដោយ។ ជាងនេះទៅទៀតលោកស្រី គ្លីនតុន នៅតែចង់បង្ហាញពីទំរង់នយោបាយដ៏ល្អមួយ ដើម្បីកុំឱ្យអ្នកគាំទ្រលោកស្រីខកបំណង»។
ទោះបីជាយ៉ាងណាក៏ដោយកាលពីថ្ងៃអាទិត្យ មនុស្សជិតស្និទ្ធនឹងលោកស្រី គ្លីនតុន គឺលោកស្រី នារ៉ា ថាន់ឌិន (Neera Tanden) បាននិយាយថាលោកស្រីមិនរំពឹងឡើយថា អតីតរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ នឹងឈរឈ្មោះជាបេក្ខភាពអភិបាលទីក្រុងញូយ៉ក៕