(បាងកក)៖ មកទល់ពេលនេះគ្រោះទឹកជំនន់ដែលបាននិងកំពុងវាយប្រហារតំបន់ភាគខាងត្បូងនៃប្រទេសថៃ បានសម្លាប់ជីវិតមនុស្សកើនដល់ចំនួន ២១នាក់ហើយ និងបានបង្ខំឲ្យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែងស្ថិតនៅតំបន់រងគ្រោះត្រូវបិទដំណើរការជាបណ្តោះអាសន្ន។ នេះបើតាមសម្តីអាជ្ញាធរថៃ ដែលចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០១៧។
យោងតាមនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ ចំនួនជនរងគ្រោះដែលបានបាត់បង់ជីវិតដោយសារគ្រោះមហន្តរាយធម្មជាតិខាងលើ បានកើនដល់ ២១នាក់នៅថ្ងៃចន្ទនេះជាមួយនិងមនុស្សមិនតិចជាង ៣៣០,០០០គ្រួសារនោះឡើយបានទទួលរងផលប៉ះពាល់។ ប្រភពដដែលបានឲ្យដឹងទៀតថាអាកាសយានដ្ឋានដ៏មមាញឹកជាងគេនៃខេត្ត Nakhon Si Thammarat ដែលស្ថិតនៅភាគខាងត្បូងប្រទេស នឹងនៅតែបន្តបិទទ្វាររហូតទាល់តែស្ថានការណ៍វិលទៅរកភាពប្រសើរឡើងវិញ ហើយផ្លូវរថភ្លើងពីទីក្រុងបាងកកទៅកាន់ខេត្តមួយនេះ ក៏ត្រូវបង្ខំចិត្តផ្អាកដំណើរការជាបណ្តោះអាសន្នផងដែរ។
គួរបញ្ជាក់ថារដូវវស្សានៅប្រទេសថៃជាទូទៅតែងតែបញ្ចប់នៅចុងខែវិច្ឆិកាជារៀងរាល់ឆ្នាំហើយការធ្លាក់ភ្លៀងខ្លាំង និងទឹកជំនន់គឺជារឿងកម្រកើតមានណាស់នៅក្នុងខែមករា ប៉ុន្តែនាឆ្នាំនេះភ្លៀងខុសរដូវដែលបាននិងកំពុងបន្តធ្លាក់យ៉ាងជោគជាំបានវាយប្រហារខេត្តចំនួន ១២ ក្នុងចំណោមខេត្តទាំង៦៧ នៃប្រទេសស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ៕