(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Ash Carter បានអះអាងថា រុស្ស៊ីគឺជាអ្នកដែលធ្វើឱ្យស្ថានភាពជម្លោះនៅក្នុងប្រទេសស៊ីរី កាន់តែធ្លាក់ចុះដុនដាបដោយមិនបានគោរពតាមការសន្យារបស់ខ្លួនឡើយថា ជួយសហរដ្ឋអាមេរិកក្នុងការប្រយុទ្ធប្រឆាំងជាមួយក្រុម ISIS។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០១៧។
លោក Ash Carter ដែលនឹងត្រូវផុតអណត្តិជារដ្ឋមន្ត្រីការពារជាតិអាមេរិក បានថ្លែងបែបនេះ នៅក្នុងបទសម្ភាសន៍នៅថ្ងៃអាទិត្យ ជាមួយសា្ថនីយ៍ទូរទស្សន៍ NBC។ លោក Carter បានលើកឡើងយ៉ាងដូច្នេះថា «រុស្ស៊ីបានសន្យាជួយយើងក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុម ISIS នៅស៊ីរីក៏ដូចជាបញ្ចប់សង្រ្គាមនៅទីនោះ ក៏ប៉ុន្តែពួកគេមិនបានធ្វើអ្វីទាល់តែសោះ ហើយក៏មិនបានគោរពតាមការសន្យារបស់ខ្លួនដែរ តែបែរជាធ្វើឱ្យជម្លោះកាន់តែធ្ងន់ធ្ងរឡើងៗទៅវិញ ខណៈយើងបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងក្រុម ISIS ដោយខ្លួនឯង»។
ដោយឡែកក្រៅតែប្រធានបទស៊ីរី លោក Ash Carter ក៏បាននិយាយផងដែរពីការជ្រៀតជ្រែករបស់រុស្ស៊ី ចូលក្នុងកិច្ចការបោះឆ្នោតអាមេរិក ដោយលោកបានចាត់ទុកថា វាជាសកម្មភាពឈ្លានពានលើប្រព័ន្ធប្រជាធិបតេយ្យអាមេរិក ដូច្នេះលោកយល់ថាប្រធានាធិបតីអាមេរិក ជាប់ឆ្នោតលោក ដូណាល់ ត្រាំ គួរតែធ្វើការឆ្លើយតបចំពោះសកម្មភាពរំលោភបំពានបែបនេះ។ «ខ្ញុំគិតថាយើងមិនគួរកំណត់ព្រំដែនលើខ្លួនឯង នៅពេលដែលការវាយប្រហារព័ត៌មានវិទ្យា ត្រូវបានគេប្រើប្រាស់ដើម្បីប្រឆាំងនឹងយើងនោះទេ។ យើងគួរតែធ្វើការឆ្លើយតប តែមិនមែនជាសកម្មភាពយោធាឡើយ»។ នេះបើតាមសម្ដីរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Ash Carter៕