(ហុងកុង)៖ អ្នកតំណាងរាស្រ្តដែលមានវ័យក្មេងជាងគេបំផុតនៃទីក្រុងហុងកុងឈ្មោះ Nathan Law បានទទួលរងការប្រមាថយ៉ាងធ្ងន់ធ្ងរពីសំណាក់ ក្រុមអ្នកតវ៉ាប្រឆាំងនឹងឯករាជ្យមួយក្រុម នៅឯអាកាសយានរដ្ឋាននៃទីក្រុងនាយប់ថ្ងៃអាទិត្យ (ម៉ោងក្នុងទីក្រុងហុងកុង) បន្ទាប់ពីបានធ្វើដំណើរវិលត្រឡប់មកពីចូលរួមវេទិកានយោបាយមួយនៅកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០១៧។
លោក Nathan Law អាយុ ២៣ឆ្នាំបានប្រឈមមុខជាមួយនឹងមនុស្សមួយក្រុមដែលជាអ្នកគាំទ្រទីក្រុងប៉េកាំង នៅពេលដែលបានមកដល់ទីក្រុងវិញនៅឯព្រលានយន្តហោះ ហើយក្រុមអ្នកតវ៉ាទាំងនោះបានស្រែកខ្លាំងៗ និងជះទឹកដាក់ចំផ្ទៃមុខរបស់លោកហើយថែមទាំងបានប៉ុនប៉ងប្រើអំពើហិង្សាដាក់លោក Law ទៀតផង ប៉ុន្តែសំណាងល្អមន្រ្តីប៉ូលិសបានព្យាយាមជួយអមដំណើររូបលោកទៅកាន់រថយន្តដើម្បីចាកចេញពីអាកាយយានដ្ឋាន។
គួរបញ្ជាក់ថា ហេតុការណ៍ខាងលើបានកើតឡើងបន្ទាប់ពីលោក Nathan Law រួមនិងសកម្មជនគាំទ្រឯករាជ្យនៃទីក្រុងហុងកុងល្បីៗមួយចំនួនទៀត បានទៅចូលរួមព្រឹត្តិការណ៍ចំនួនពីរថ្ងៃនៅឯកោះតៃវ៉ាន់ ដែលត្រូវបានធ្វើឡើងក្នុងគោលបំណងបង្កើតការតភ្ជាប់នូវចលនាប្រជាធិបតេយ្យរវាងហុងកុង និងតៃវ៉ាន់៕