(កាណាដា)៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០១៧ បានឲ្យដឹងថាគ្រោះធម្មជាតិរញ្ជួយដីកំរិត ៥.៨រ៉ិចទ័រ បានវាយប្រហារមកលើតំបន់ Nunavut នៃភាគខាងជើងប្រទេសកាណាដា ហើយដែលគ្រោះរញ្ជួយដីនេះបានកើតឡើងបន្ទាប់ពី គ្រោះរញ្ជួយដីមួយផ្សេងទៀតកំរិត ៥.៥រ៉ិចទ័រក៏បានវាយប្រហារមកលើតំបន់ឆ្នេរភាគខាងលិចនៃទីក្រុង Port Hardy កាលពីព្រឹកថ្ងៃសៅរ៍ កន្លងទៅផងដែរ។
ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS បានបញ្ជាក់ថា ចំណុចរំញ័ររបស់គ្រោះមហន្តរាយធម្មជាតិខាងលើស្ថិតនៅចំងាយ ៨៦គីឡូម៉ែត្រពីភាគខាងជើងប្រទេសកាណាដា ព្រមទាំងមានជំរៅរញ្ជួយ ១៩គីឡូម៉ែត្រទៅក្នុងដី។ ក៏ប៉ុន្តែភ្លាមៗពុំទាន់មានសេចក្តីរាយការណ៍ពីការខូចខាតឬជនរងគ្រោះណាមួយឡើយ ហើយគ្រោះរញ្ជួយដីនេះក៏មិនបានបង្កជារលកយក្សស៊ូណាមិនោះដែរ៕