(ប៉េកាំង)៖ បន្ទាប់ពីលោកស្រីប្រធានាធិបតីកោះតៃវ៉ាន់ បានឈប់សម្រាកនៅទីក្រុង Houston រដ្ឋតិចសាស់ ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់អាមេរិកកណ្តាល សារព័ត៌មានរដ្ឋចិន Global Times បានព្រមានប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ ថាប្រទេសចិននឹងធ្វើការសងសឹកប្រសិនបើលោក ត្រាំ ធ្វើអ្វីប៉ះពាល់ដល់គោលនយោបាយចិនតែមួយ នៅក្រោយពេលឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០១៧។
ប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-Wen) បានជួបសំណេះសំណាលជាមួយអ្នកតំណាងរាស្រ្តអាមេរិកនៃគណបក្សសាធារណរដ្ឋនៅអំឡុងពេលលោកស្រី បានឈប់ឆ្លងកាត់ទីក្រុង Houston ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ប្រទេស ហុងឌួរ៉ាស (Honduras), នីការ៉ាហ្គ័រ (Nicaragua), ហ្គាតេម៉ាឡា (Guatemala, និង អែលសាល់វ៉ាឌ័រ (El Salvador) ដែលស្ថិតនៅតំបន់អាមេរិកកណ្តាល។
សារព័ត៌មាន Global Times បានសរសេរថា «ការគោរពតាមគោលនយោបាយចិនតែមួយ មិនមែនជាសំណើដែលចិនចេះតែស្នើតាមចិត្តចំពោះប្រធានាធិបតីអាមេរិកនោះឡើយ ប៉ុន្តែជាការតព្វកិច្ចរបស់ប្រធានាធិបតីអាមេរិកក្នុងការថែរក្សាទំនាក់ទំនងប្រទេសទាំងពីរ និងគោរពសណ្តាប់ធ្នាប់នៃវត្តមានរបស់ខ្លួននៅតំបន់អាស៊ីប៉ាស៊ីហ្វិក»។
សារព័ត៌មានដ៏មានឥទ្ធិពលរបស់ប្រទេសចិនបានបន្ថែមថា «ទីក្រុងប៉េកាំងពុំចាំបាច់ត្រូវអរគុណលោក ដូណាល់ ត្រាំ ដែលមិនបានជួបជាមួយលោកស្រី ត្សៃ អ៊ីងវិន ឡើយហើយបើសិនជាលោកហ៊ានធ្វើអ្វីប៉ះពាល់ដល់គោលនយោបាយចិនតែមួយ បន្ទាប់ពីបានឡើងកាន់តំណែងជាផ្លូវការនោះ ប្រជាពលរដ្ឋចិននឹងទាមទារឲ្យរដ្ឋាភិបាលធ្វើការសងសឹកជាក់ជាមិនខាន ដោយនៅពេលនោះគ្មានការចរចាឬតថ្លៃគ្នាអ្វីទាំងអស់»។
គួរបញ្ជាក់ថាលោកស្រីប្រធានាធិបតីតៃវ៉ាន់ នឹងធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិកសាជាថ្មីម្តងទៀត នៅពេលលោកស្រីវិលត្រឡប់ពីតំបន់អាមេរិកឡាទីននាថ្ងៃទី១៣ ខែមករា ដោយនឹងឈប់នៅទីក្រុង San Francisco ហើយវានឹងកើតឡើងមុនពេលលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៥ នៃសហរដ្ឋអាមេរិក៕