(សេអ៊ូល)៖ កូរ៉េខាងជើងប្រកាសថាខ្លួនអាចនឹងធ្វើការបាញ់សាកល្បង មីស៊ីលផ្លោងអន្តរទ្វីប ICBM គ្រប់ពេលវេលោមិនថាទីកន្លែងណាក៏ដោយឱ្យតែលោក គីម ជុងអ៊ុន ហាមាត់ហើយថែមទាំងបញ្ជាក់ឡើងវិញថាគោលនយោបាយឈ្លានពានរបស់សហរដ្ឋអាមេរិក គឺជាមូលហេតុជំរុញទីក្រុងព្យុងយ៉ាងត្រូវតែអភិវឌ្ឍន៍មីស៊ីល និងអាវុធនុយក្លេអ៊ែរដើម្បីការពារខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០១៧។
លោក គីម ជុងអ៊ុន កាលពីថ្ងៃទី០១ ខែមករា ធ្លាប់បានអះអាងថា កូរ៉េខាងជើងកាន់តែខិតជិតដល់ការបាញ់សាកល្បងមីស៊ីល ICBM ខណៈសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ក៏ប្រកាសដែរថា មីស៊ីល ICBM អាចនឹងត្រូវបាញ់គ្រប់ពេលវេលានិងគ្រប់ទីកន្លែងឱ្យតែ លោក គីម ជុងអ៊ុន ដាក់បញ្ជាភ្លាម។ ជាមួយគ្នានោះដែរជុំវិញការអះអាងនេះរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Ash Carter បានថ្លែងថា សមត្ថភាពអាវុធនុយក្លេអ៊ែរ និងមីស៊ីលកូរ៉េខាងជើងគឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរសម្រាប់សហរដ្ឋអាមេរិក ហើយទីក្រុងវ៉ាស៊ីនតោនបានត្រៀមខ្លួនរួចហើយ ក្នុងការបាញ់កម្ទេចមីស៊ីលរបស់កូរ៉េខាងជើង។ «យើងនឹងបាញ់ទម្លាក់មីស៊ីលកូរ៉េខាងជើង (...) នៅក្នុងករណីចាំបាច់ដែលវាជាការគំរាមកំហែងធ្ងន់ធ្ងរនិយាយឱ្យចំបើសិនជាវាត្រូវបានបាញ់តម្រង់ឆ្ពោះមកកាន់ទឹកដីរបស់យើង ឬក៏ដែនដីសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក»។ នេះបើតាមសម្ដីរបស់លោក Ash Carter ថ្លែងប្រាប់ស្ថានីយ៍ទូរទស្សន៍ NBC។
គួរបញ្ជាក់ថាមីស៊ីលផ្លោងអន្តរទ្វីប ICBM រយៈចំងាយមធ្យមអាចបាញ់បានចំងាយ ៥,៥០០ គីឡូម៉ែត្រ ក៏ប៉ុន្តែមីស៊ីលប្រភេទនេះខ្លះទៀតអាចបាញ់បានក្នុងចំងាយដល់ទៅ ១០,០០០ គីឡូម៉ែត្រ ឬអាចឆ្ងាយជាងនេះក៏មាន៕