(ហ្វាំងឡង់)៖ ក្រុមហ៊ុន HMD ដែលគ្រប់គ្រងលើស្លាកសញ្ញា Nokia ដែលធ្លាប់ល្បីល្បាញរាប់ទសវត្សរ៍នៅលើសកលលោក និងបានបាត់មុខលើទីផ្សារអស់ជាច្រើនឆ្នាំមកហើយនោះ ទីបំផុតបានបញ្ចេញនូវទូរស័ព្ទដៃដើរដោយប្រព័ន្ធ Android ផ្តាច់មុខជាលើកដំបូង មានឈ្មោះថា Nokia 6។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០១៧។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនខាងលើ ទូរស័ព្ទដែលនឹងចេញលក់នៅដើមឆ្នាំ២០១៧ នេះគឺមានគោលដៅឆ្ពោះទីកាន់ទីផ្សារប្រទេសចិន ដែលជាទីផ្សារស្មាតហ្វូនធំជាងគេបំផុតនៅលើពិភពលោក ហើយសម្រាប់ទូរស័ព្ទដែលចាត់ទុកជាម៉ូដែលថ្មីប្រកបដោយការរចនាទាក់ទាញ និងមានបំពាក់នូវបច្ចេកវិទ្យាទំនើបៗចុងក្រោយនេះ នឹងដាក់លក់ក្នុងតម្លៃដ៏ប្រកួតប្រជែងបំផុត គឺ ១,៦៩៩យ័ន ឬស្មើនឹង ២៤៥ដុល្លារសហរដ្ឋអាមេរិក។
លោក Arto Nummela នាយកប្រតិបត្តិនៃក្រុមហ៊ុន HMD Global បាននិយាយថា «យើងព្យាយាមជំរុញល្បឿនទៅមុខ ដើម្បីបង្កើតនូវតួនាទីស្នូលមួយនៃម៉ាកសញ្ញាស្មាតហ្វូន»។ ក្រុមហ៊ុន HMD មានមូលដ្ឋាននៅទីក្រុង Espoo ប្រទេសហ្វាំងឡង់ ដែលបានទទួលសិទ្ធិគ្រប់គ្រងលើស្លាកសញ្ញា Nokia រយៈពេល ១០ឆ្នាំក្រោយពីស្លាកសញ្ញាដែលធ្លាប់មានឥទ្ធិពលលើលោកនេះ បានដាច់ចេញពីក្រុមហ៊ុន Microsoft។
គួរបញ្ជាក់ថាលក្ខណៈពិសេសមួយចំនួន នៃ Nokia 6 គឺវាមានបំពាក់បន្ទះឈីប Qualcomm Snapdragon 430 ដែលមាន processor X6 LTE, Ram 4GB, មេម៉ូរីក្នុងម៉ាស៊ីន 64GB, អេក្រង់ 5.5អ៊ីញ (2.5D + FHD), ថាមពលថ្ម 3,000mAh, កាមេរ៉ាធំ 16MP និងដំណើរការដោយប្រព័ន្ធ Android ជំនាន់ចុងក្រោយបំផុត Nougat។ ក្រុមហ៊ុនរំពឹងថា Nokia 6 នឹងអាចស្តារមុខមាត់របស់ខ្លួនឡើងវិញ ខណៈដែលវាបានចាប់ផ្តើមខាតបង់នៅចុងទសវត្សរ៍ឆ្នាំ ២០០០ រហូតមកដល់បច្ចុប្បន្ន៕