(ហាណូយ)៖ កន្ត្រៃមួយដែលក្រុមគ្រូពេទ្យបានភ្លេច នៅក្នុងពោះបុរសជាជនជាតិវៀតណាមម្នាក់នៅក្នុងអំឡុងពេលវះកាត់កាលពីជាង១៨ឆ្នាំមុន ត្រូវបានគ្រូពេទ្យវះកាត់យកចេញមកខាងក្រៅហើយ ខណៈជីវិតរបស់បុរសម្នាក់នេះក៏បានត្រឡប់ទៅរកភាពប្រក្រតីវិញដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NDTV ដែលត្រូវបានដកស្រង់នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០១៧។
កាលពីឆ្នាំ១៩៩៨ លោក Ma Van Nhat ដែលបច្ចុប្បន្នមានអាយុ៥៤ឆ្នាំ និងជារស់នៅក្បែរទីក្រុងហាណូយ បានទទួលការវះកាត់បន្ទាប់ពីលោកជួបគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមក លោក Ma ចេះតែឈឺពោះមិនឈប់ទើបលោកសម្រេចចិត្តទៅមន្ទីរពេទ្យថតអេកូ ហើយរឿងមិនគួរឱ្យជឿបានកើតឡើងនៅពេលគ្រូពេទ្យបា្រប់ថា ក្នុងពោះរបស់លោកមានកន្ត្រៃប្រវែង ១៥សង់ទីម៉ែត្រ។
ដោយឡែកបើតាមអ្នកទទួលខុសត្រូវនៃមន្ទីរពេទ្យ Gang Thep Thaï Nguyen ដែលទទួលវះកាត់លោក Ma បានឱ្យដឹងថា បុរសវ័យ ៥៤ឆ្នាំរូបនេះត្រូវបានក្រុមគ្រូពេទ្យចំណាយពេល៣ម៉ោងក្នុងការវះកាត់យកកន្ត្រៃចេញពីពោះដោយជោគជ័យកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ហើយឥលូវនេះ លោក Ma អាចរស់នៅបានដូចធម្មតា និងគ្មានបញ្ហារឿងហូបចុកទៀតនោះទេ។
គួរបញ្ជាក់ថា បច្ចុប្បន្នអាជ្ញាធរវៀតណាមកំពុងតាមស្វែងរកក្រុមគ្រូពេទ្យ ដែលបានវះកាត់លោក Ma Van Nhat កាលពីឆ្នាំ១៩៩៨ នៅក្នុងខេត្ត Bac Kan ស្ថិតនៅភាគឦសានប្រទេសវៀតណាម៕